ប្រជាពលរដ្ឋ និងកម្មករកម្មការនីជិត១២ម៉ឺននាក់ ជិះរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ទៅមកស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
លោកស្រី ដោ សម្ផស្ស នាយករងនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះ បានឱ្យដឹងថាក្នុងរយៈពេល៦ថ្ងៃ ពីថ្ងៃទី ១២-១៧ ខែមេសា មានប្រជាពលរដ្ឋជិត១២ម៉ឺននាក់ បានទទួលសេវា ដឹកជញ្ជួនរថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ។
ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦នេះ ក្រោយពីមានការណែនាំ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋ បាលរាជធានីភ្នំពេញ បានប្រកាសបញ្ចេញរថយន្តក្រុង ចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជា ពលរដ្ឋ កម្មករ-កម្មការិនី ដោយមិនបង់ប្រាក់រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ពោលគឺដឹកជញ្ជូន ទៅលេងស្រុកកំណើត និងវិលត្រឡប់មករាជធានីភ្នំពេញ ដោយភាពសប្បាយរីករាយ ជាមួយការធ្វើដំណើរ ប្រកបដោយផាសុខភាព និងសុវត្ថិភាព។
ក្នុងនោះ លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា ពីថ្ងៃទី ១២-១៧ ខែមេសា មានប្រជាពលរដ្ឋចំនួន ១១៩.៤៩០ នាក់ បានទទួលសេវា ដឹកជញ្ជួន ដោយឥតគិតថ្លៃ របស់ រដ្ឋាករ ស្វយ័តដឹកជញ្ជួន សាធារណៈរថយន្តក្រុង របស់រដ្ឋបាល រាជធានីភ្នំពេញ។ បើធៀប នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥ មានចំនួន ៨៥.៨៤៩នាក់ គឺមានការកើនឡើនចំនួន ៣៣.៦៤១នាក់ ស្មើនឹង ៣៩% ៕ អត្ថបទដោយ៖ cambodia-nation-media