ខេត្តកំពង់ធំបង្កើនបៃតង! រដ្ឋបាលខេត្ត និងក្រុមហ៊ុនខេមប្រ៊ូវ រួមគ្នាដាំដើមឈើក្រោមគំនិតផ្ដើម «សហគមន៍បៃតង» ដើម្បីអនាគតប្រកបដោយចីរភាព

 សង្គម
 5 ថ្ងៃមុន
 29
(កំពង់ធំ)៖ ក្នុងស្មារតីរួមគ្នាដើម្បីបរិស្ថាន និងសហគមន៍បៃតង រដ្ឋបាលខេត្តកំពង់ធំបានចាប់ដៃគូយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន ខេមប្រ៊ូវ (កាសស៊្បែរ ខេមប៊ូឌា) ដែលជាផលិតករស្រាបៀរអង្គរដ៏ល្បីល្បាញ ដើម្បីរៀបចំពិធីដាំដើមឈើក្រោមគំនិតផ្ដើម «សហគមន៍បៃតង» នៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការលើកកម្ពស់សោភ័ណភាពខេត្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំជាង ៦ ទសវត្សរ៍ ក្នុងការអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព។ ពិធីដ៏មានអត្ថន័យនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និង លោក Michiel Oerlemans អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ខេមប្រ៊ូវ ដោយមានការចូលរួមយ៉ាងកុះករពីអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងបុគ្គលិកក្រុមហ៊ុន។ ការដាំដុះដើម្បីអនាគត៖ «Brewing Tomorrow» សកម្មភាពដាំដើមឈើនាពេលនេះ ធ្វើឡើងស្របពេលនឹងការដាក់ចេញនូវក្របខណ្ឌចីរភាពសកលថ្មីរបស់ក្រុមហ៊ុន កាសស៊្បែរ គ្រុប (Carlsberg Group) ក្រោមគោលដៅ «ការអភិវឌ្ឍដើម្បីអនាគតកាន់តែប្រសើរ (Brewing Tomorrow)»។ យុទ្ធសាស្ត្រនេះផ្ដោតលើសសរស្តម្ភសំខាន់ៗចំនួន ៤ រួមមាន៖ ការកាត់បន្ថយការបំភាយកាបូន ការការពារធម្មជាតិ ការផ្តល់ជម្រើសប្រកបដោយការទទួលខុសត្រូវដល់អតិថិជន និងការអភិវឌ្ឍធនធានមនុស្ស។ លោក Michiel Oerlemans បានគូសបញ្ជាក់យ៉ាងស៊ីជម្រៅថា៖ «កម្ពុជា គឺជាផ្ទះរបស់យើង... យើងចង់ឃើញសហគមន៍របស់យើងមានការអភិវឌ្ឍរីកចម្រើនប្រកបដោយនិរន្តរភាព ដូចដែលថា គ្មានសហគមន៍ គ្មានអាជីវកម្ម ពួកយើងត្រូវរីកចម្រើនជាមួយគ្នា»។ លោកបានបន្ថែមថា ដើមឈើនីមួយៗដែលបានដាំ គឺជាការសាបព្រួសក្ដីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយ ឱ្យមានខ្យល់អាកាសបរិសុទ្ធ និងម្លប់ត្រជាក់ជ្រកកោន។ គំរូនៃកិច្ចសហការរវាងរដ្ឋ និងឯកជន ក្នុងឱកាសនោះដែរ ឯកឧត្តម នួន ផារ័ត្ន បានកោតសរសើរដល់ក្រុមហ៊ុនខេមប្រ៊ូវ ដែលបានបង្ហាញពីគំរូភាពនៃវិស័យឯកជន ក្នុងការជួយជ្រោមជ្រែងសង្គម និងបរិស្ថាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការការពារបរិស្ថានមិនមែនជាភារកិច្ចរបស់បុគ្គលម្នាក់ឡើយ ប៉ុន្តែទាមទារឱ្យមានការរួមដៃគ្នាពីគ្រប់ភាគីដើម្បីសុខុមាលភាពរយៈពេលវែង។ សមិទ្ធផលគួរឱ្យមោទនៈ គួររំលឹកផងដែរថា ចាប់តាំងពីឆ្នាំ២០២៣ មក ក្រុមហ៊ុន ខេមប្រ៊ូវ បានដាំដើមឈើជាង ១,០០០ ដើម រួចមកហើយនៅទូទាំងប្រទេសកម្ពុជា តាមរយៈកិច្ចសហការជាមួយដៃគូពាក់ព័ន្ធនានា។ ក្រៅពីការបង្កើតការងារ និងការរួមចំណែកដល់សេដ្ឋកិច្ចជាតិ ក្រុមហ៊ុននៅតែបន្តប្តេជ្ញាចិត្តបង្កើនសកម្មភាពទំនួលខុសត្រូវសង្គម ដើម្បីធានាថាការរីកចម្រើនរបស់អាជីវកម្ម នឹងដើរទន្ទឹមគ្នាជាមួយការរីកចម្រើនរបស់សង្គម និងបរិស្ថាននៅក្នុងប្រទេសកម្ពុជា។

អត្ថបទដោយ៖ cambodia-nation-media