សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញទៅចូលរួម “កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ” និងបំពេញទស្សនកិច្ចការងារនៅប្រទេសបារាំង

 សង្គម
 7 ថ្ងៃមុន
 52
នាព្រឹកថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបំពេញទស្សនកិច្ចការងារ និងចូលរួមកិច្ចប្រជុំកំពូលសំខាន់ៗ នៅសាធារណរដ្ឋបារាំង។ ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ ធ្វើឡើងតបតាមការអញ្ជើញជាផ្លូវការរបស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដោយគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦។ សម្តេចធិបតី នឹងចូលរួមពិភាក្សាជាមួយបណ្តាមេដឹកនាំពិភពលោក អំពីយន្តការការពារ និងឆ្លើយតបចំពោះបញ្ហាសុខភាពជាសកល ដែលផ្សារភ្ជាប់គ្នារវាងសុខភាពមនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី។ ក្រៅពីកិច្ចប្រជុំកំពូល សម្តេចធិបតី ក៏មានកម្មវិធីជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ និងធុរជននៃប្រទេសបារាំង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិនិយោគ និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ វត្តមានរបស់សម្តេចធិបតី ក្នុងកិច្ចប្រជុំកម្រិតពិភពលោកនៅប្រទេសបារាំងនាពេលនេះ មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់កម្ពុជាលើបញ្ហាសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីតួនាទីយ៉ាងសកម្មរបស់កម្ពុជា ក្នុងវេទិកាអន្តរជាតិ ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមនានារបស់មនុស្សជាតិ។ សូមជម្រាបថា ក្នុងឱកាសអញ្ជើញដំណើរចេញនោះដែរ ក៏មានការអញ្ជើញជូនដំណើរដោយវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប នៅអាកាសយានដ្ឋានអន្តរជាតិតេជោផងដែរ៕

អត្ថបទដោយ៖ cambodia-nation-media