នាវាចម្បាំងរុស្ស៊ី២គ្រឿង ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ច៣ថ្ងៃ

 សង្គម
 7 ថ្ងៃមុន
 37
នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ នាវាចម្បាំងរបស់រុស្ស៊ីចំនួន​២​គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចរយៈ​ពេល​៣ថ្ងៃ​នៅ​កម្ពុជា។ នាវាចម្បាំងទាំងពីរគ្រឿងនេះ មកពីកងនាវាប្រចាំតំបន់ប៉ាស៊ីហ្វិក​នៃកងទ័ព​ជើង​ទឹកសហព័ន្ធរុស្ស៊ី។ នាវាចម្បាំងរបស់រុស្ស៊ីដែលចតនៅកម្ពុជាពីថ្ងៃទី៦ ដល់ទី៨ ខែមេសា ឆ្នាំ២០២៦នេះ រួមមាននាវា Sovershenny លេខ៣៣៣ និងនាវា Rezky លេខ៣៤៣។ នាវា​ចម្បាំង​​ទាំងពីរគ្រឿងនេះ ដឹកនាំដោយមេបញ្ជាការ លោកវរនាវីឯក SHMAGIN Artem និងមេបញ្ជាការ លោកវរនាវីឯក KOVALEV Evgenii ហើយមាន​នាវិកសរុប​ប្រមាណ ២៦២នាក់។ នាវាទាំងពីរគ្រឿងនេះ មានប្រវែងប្រមាណ ១០៤ម៉ែត្រ និងទម្ងន់ជាង ២ពាន់តោន។ នៅវេលាម៉ោងជិត៩ព្រឹក នាវាចម្បាំងដ៏មានអនុភាពលើលំហ​សមុទ្រ​​របស់រុស្ស៊ី បានចូលចតនៅកំពុងផែស្វយ័តក្រុងព្រះសីហនុ។ ការមកដល់​របស់​នាវាចម្បាំងទាំងពីរគ្រឿង ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឧត្តម​នាវីត្រី​ អុិន​ សុខេមរា​ មេបញ្ជាការ​រង​មូលដ្ឋាន​សមុទ្រ​រាម​ ជាមួយកងទ័ពជើងទឹករបស់កម្ពុជាចំនួន​៦០​នាក់ ដោយមានការចូលរួមពីលោក Anatoly Borovik ឯកអគ្គរដ្ឋ​ទូតរុស្ស៊ី​ប្រចាំ​នៅកម្ពុជាផងដែរ។ របាយការណ៍បានបង្ហាញផងដែរថា គិតចាប់ពីឆ្នាំ២០១១មក នាវាចម្បាំងរុស្ស៊ី បានចូលចតនៅកម្ពុជា ចំនួន៨លើក ស្មើ១៨គ្រឿង៕

អត្ថបទដោយ៖ cambodia-nation-media