៩ខែចុងក្រោយនេះកម្ពុជាបញ្ជូនជនសង្ស័យប្រមាណ៧៥០នាក់ទៅតុលាការពាក់ព័ន្ធករណី Online Scams
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានមានប្រសាសន៍ថា ក្នុងក្របខណ្ឌប្រតិបត្តិការបោសសម្អាតទូទាំងប្រទេសរយៈពេល៩ខែចុងក្រោយនេះ ជនបរទេសចំនួន ១១,០០០ នាក់ រួមមានជនជាតិចិន, វៀតណាម, ឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ប៉ាគីស្ថាន និងថៃ ត្រូវបានបណ្តេញចេញពីកម្ពុជាពាក់ព័ន្ធOnline Scams ។ ជាមួយគ្នានេះ អាជ្ញាធរបានបន្តចុះត្រួតពិនិត្យទីតាំងដែលមានការសង្ស័យ ក្នុងរាជធានីខេត្ត ចំនួនជាង១០,០០០កន្លែង ដែលមានវត្តមានជនបរទេសប្រមាណ៨០,០០០នាក់ស្នាក់នៅ ស្មើនឹង ៧៨ សញ្ជាតិ ។
ឯកឧត្តមបានជម្រាបជូនអង្គប្រជុំទៀតថា ក្រុមបោកប្រាស់តាមអនឡាញលែងប្រមូលផ្តុំគ្នានៅក្នុងកាស៊ីណូ ឬ អគារធំៗ ដូចមុនទៀតហើយ ដោយសារកិច្ចខិតខំចុះបង្រ្កាបបានបំបែកសំបុកឧក្រិដ្ឋជនទាំងនោះ។ ក្រុមឧក្រិដ្ឋជនឆបោកដែលនៅសេសសល់ បានរត់គេចពីសមត្ថកិច្ច ដោយបានបំបែកគ្នាជាក្រុមតូចៗទៅធ្វើលបលួចធ្វើសកម្មជួលនៅតាមបុរី, ផ្ទះល្វែង ឬខុនដូ ជាលក្ខណៈដាច់ដោយឡែក ហើយបន្លំខ្លួនជាមួយប្រជាពលរដ្ឋ ដើម្បីគេចចេញពីការតាមចាប់របស់សមត្ថកិច្ច។
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានពន្យល់អំពីរូបភាព និងទម្រង់នៃការឆបោក ដែលក្រុមសមត្ថកិច្ចជំនាញបានប្រមូល និងចងក្រងជាភស្តុតាង រួមមាន ការបោកប្រាស់ក្រោមរូបភាពបង្កើតទំនាក់ទំនងស្នេហា ការឆបោកឱ្យដាក់ទុនក្នុងគម្រោងវិនិយោគដើម្បីទទួលផលចំណេញ ឬការប្រើកម្មវិធីឈ្នះរង្វាន់ជាធ្នាក់ដើម្បីឱ្យពលរដ្ឋផ្ទេរប្រាក់ ក៏ដូចជាសកម្មលួចយកទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់, និង ការបោកប្រាស់ការងារដែលផ្តល់ប្រាក់ខែច្រើនជាដើម។
ឯកឧត្តមបានជម្រាបជូនអង្គប្រជុំបន្ថែមថា ដើម្បីពង្រឹងប្រសិទ្ធភាព និងនិរន្តរភាពសម្រាប់ក្នុងការប្រឆាំងអំពើឆបោកអនឡាញនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តួចផ្តើមការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ ហើយនឹងត្រូវឆ្លងព្រឹទ្ធសភានៅថ្ងៃទី៣ ខែមីនា ខាងមុខនេះ។ រាជរដ្ឋាភិបាលកម្ពុជា មានការជឿជាក់ថា ច្បាប់នេះ ក្រោយពេលត្រូវបានប្រកាសដាក់ឱ្យអនុវត្តហើយ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការធានាមិនឱ្យការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាវិលត្រលប់មកកម្ពុជាវិញឡើយ។
ឯកឧត្តម ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានបង្ហាញការគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលលើការបង្ក្រាបបទល្មើសOnline Scam នៅកម្ពុជានាពេលកន្លងមក ដោយកិច្ចខិតខំទាំងនេះត្រូវបានអន្តរជាតិទទួលស្គាល់។ ទន្ទឹមនេះយុទ្ធនាការបោសសម្អាតការឆបោកអនឡាញ បានស្ដារ និងការពារមុខមាត់ប្រទេសជាតិឡើងវិញ បន្ទាប់ពីបានរងគ្រោះដោយសារតែក្រុមឧក្រិដ្ឋជនមកពីក្រៅប្រទេស បានយកទឹកដីកម្ពុជាដើម្បីប្រព្រឹត្តបទល្មើសនេះ។ ឯកឧត្តម បានបន្តទៀតកម្ពុជា ក៏ដូចជាប្រទេសផ្សេងៗទៀតនៅលើពិភពលោក ដែរ គឺជាអ្នករងគ្រោះដោយសារបញ្ហាឆបោកអនឡាញនេះ។
នាឱកាសនោះដែរ ឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា បានមានប្រសាសន៍បញ្ជាក់អំពីសារៈសំខាន់នៃកិច្ចប្រជុំនាពេលនេះថាបានផ្តល់ឱកាសដ៏ល្អសម្រាប់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា បានស្វែងយល់បន្ថែមទៀតអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាប និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដើម្បីចូលរួមពាំនាំយកព័ត៌មានទាំងនេះ ទៅផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅសហគមន៍ តាមបណ្តារាជធានីខេត្ត ឱ្យបានដឹងអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកអនឡាញ សំដៅធានាសុវត្ថិភាព សន្តិសុខ និងបរិយាកាសល្អសម្រាប់វិស័យទេសចរណ៍ វិនិយោគ និងការអភិវឌ្ឍសង្គមជាតិ។
ិច្ចប្រជុំនេះបានប្រព្រឹត្តទៅ ដោយមានការចូលរួមផុលផុសតាមរយៈការលើកឡើងជាមតិ យោបល់ សំណូរ ក្តីបារម្ភ ក៏ដូចជាសំណូមពរពីអង្គប្រជុំ ជូនដល់ប្រតិភូ នៃលេខាធិការដ្ឋានគ.ប.ឆ.ប. ក្នុងគោលបំណងចូលរួមចែករំលែកនូវព័ត៌មាន ក៏ដូចជាការរូមចំណែករិះរកដំណោះស្រាយចំពោះបញ្ហា នៃឧក្រិដ្ឋកម្មឆ្លងដែននេះ ព្រោះវាជាបញ្ហារួមរបស់ជាតិទាំងមូល។
សូមរំលឹកជូនថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជា ត្រឹមខែមេសា ឆ្នាំ២០២៦នេះ។ សម្តេចធិបតីបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសឡើយ ហើយបុគ្គល ឬអង្គភាពណាដែលនៅពីក្រោយសកម្មភាពទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត ដោយគ្មានការយោគយល់ ឬអន្តរាគមន៍ឡើយ៕
កម្ពុជាបញ្ជូនជនសង្ស័យជិត ៧៥០នាក់ទៅតុលាការ ពាក់ព័ន្ធឆបោកអនឡាញក្នុងរយៈពេល ៩ខែចុងក្រោយ
ភ្នំពេញ៖ ក្នុងរយៈពេល ៩ខែចុងក្រោយនេះ សមត្ថកិច្ចកម្ពុជាបានបញ្ជូនជនសង្ស័យប្រមាណ ៧៥០នាក់ទៅកាន់តុលាការ ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ តួលេខនេះត្រូវបានបង្ហាញឡើងដោយ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការនៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។
កិច្ចប្រជុំស្តីពី «ការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា» នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ដោយមានការចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា និងមន្ត្រីពាក់ព័ន្ធសរុប ២១៣នាក់។
យោងតាមរបាយការណ៍របស់ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចបង្ក្រាបបានបទល្មើសឆបោកអនឡាញជាង ២៥០ករណី។ ក្នុងនោះ សំណុំរឿងចំនួន ៨០ករណី ត្រូវបានបញ្ជូនទៅតុលាការ ដែលមានជនសង្ស័យប្រមាណ ៧៥០នាក់ រួមមានជនជាតិចិន ថៃ វៀតណាម ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងខ្មែរ។
ក្រៅពីការបញ្ជូនទៅតុលាការ ក្នុងរយៈពេល ៩ខែនេះ កម្ពុជាក៏បានបណ្ដេញជនបរទេសចំនួន ១១,០០០នាក់ ចេញពីប្រទេសផងដែរ។ ជាមួយគ្នានេះ អាជ្ញាធរបានចុះត្រួតពិនិត្យទីតាំងសង្ស័យជាង ១០,០០០កន្លែង ដែលមានជនបរទេសស្នាក់នៅប្រមាណ ៨០,០០០នាក់ ស្មើនឹង ៧៨សញ្ជាតិ។
ឯកឧត្តមសន្តិបណ្ឌិត បានគូសបញ្ជាក់ថា បច្ចុប្បន្នក្រុមឧក្រិដ្ឋជនលែងប្រមូលផ្ដុំគ្នានៅតាមកាស៊ីណូ ឬអគារធំៗដូចមុនទៀតហើយ ប៉ុន្តែពួកគេបានបំបែកជាក្រុមតូចៗ លួចធ្វើសកម្មភាពនៅតាមបុរី ផ្ទះល្វែង ឬខុនដូ ដើម្បីបន្លំខ្លួនជាមួយប្រជាពលរដ្ឋ និងគេចពីការតាមប្រមាញ់របស់សមត្ថកិច្ច។ រូបភាពនៃការឆបោកដែលត្រូវបានរកឃើញ រួមមាន៖ ការបោកតាមរយៈទំនាក់ទំនងស្នេហា (Romance Scam), ការវិនិយោគក្លែងក្លាយ, កម្មវិធីឈ្នះរង្វាន់, ការលួចទិន្នន័យឯកជន និងការបោកប្រាស់តាមរយៈការផ្ដល់ការងារដែលមានប្រាក់ខែខ្ពស់។
ពាក់ព័ន្ធនឹងយន្តការច្បាប់ ឯកឧត្តមបានជម្រាបជូនថា សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ហើយគ្រោងនឹងឆ្លងព្រឹទ្ធសភានៅដើមខែមេសានេះ។ ច្បាប់នេះនឹងក្លាយជាឧបករណ៍ដ៏សំខាន់ក្នុងការធានាមិនឱ្យបទល្មើសឆបោកអនឡាញវិលត្រឡប់មកកម្ពុជាវិញ។
ចំណែកឯ ឯកឧត្តម ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការដាច់ខាតរបស់រាជរដ្ឋាភិបាល ដែលជួយស្ដារ និងការពារមុខមាត់ប្រទេសជាតិលើឆាកអន្តរជាតិ។ ឯកឧត្តមបានបន្តថា កម្ពុជាក៏ដូចជាប្រទេសដទៃទៀតដែរ គឺជាជនរងគ្រោះនៃឧក្រិដ្ឋកម្មឆ្លងដែននេះ។
សូមរំលឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីទឹកដីកម្ពុជា ត្រឹមខែមេសា ឆ្នាំ២០២៦នេះ ដោយបញ្ជាក់ថា កម្ពុជាមិនមែនជាជម្រកសម្រាប់ឧក្រិដ្ឋជនឡើយ ហើយអ្នកនៅពីក្រោយសកម្មភាពទាំងនេះនឹងត្រូវទទួលទោសតាមច្បាប់យ៉ាងធ្ងន់ធ្ងរបំផុត៕ អត្ថបទដោយ៖ cambodia-nation-media