ឯកឧត្តម ឌិត ទីណា ជំរុញការអនុវត្តយុទ្ធសាស្ត្រ «សុខភាពតែមួយ» ដើម្បីទប់ស្កាត់ជំងឺឆ្លងពីសត្វមកមនុស្ស និងពង្រឹងសុវត្ថិភាពស្បៀង

 សង្គម
 ០១ មេសា ២០២៦
 46
[រាជធានីភ្នំពេញ] — ក្នុងពិធីបើកព្រឹត្តិការណ៍ «សុខភាពតែមួយនៅកម្ពុជា» នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងនូវសារៈសំខាន់នៃកិច្ចសហការអន្តរវិស័យ ដើម្បីឆ្លើយតបទៅនឹងបញ្ហាសុខភាពសាធារណៈ។ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វិធីសាស្ត្រនេះគឺជាយុទ្ធសាស្ត្រគន្លឹះក្នុងការបង្ការជំងឺឆ្លងក្នុងផលិតកម្មសត្វ និងជលផល។ ការពង្រឹងភាពធន់នៃផលិតកម្មកសិកម្ម មិនត្រឹមតែជួយដល់សេដ្ឋកិច្ចរបស់កសិករផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា «ខែលការពារ» យ៉ាងសំខាន់ក្នុងការទប់ស្កាត់ជំងឺឆ្លងពីសត្វមកមនុស្ស (Zoonotic Disease) ដែលអាចបង្កជាហានិភ័យធ្ងន់ធ្ងរដល់សុខភាពសង្គមជាតិ។ យន្តការសហការអន្តរក្រសួង ដើម្បីជំរុញការងារនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ឯកឧត្តមបានលើកឡើងពីយន្តការការងារសំខាន់ៗដូចជា ការសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ក្នុងការស៊ើបអង្កេត និងឆ្លើយតបជាបន្ទាន់ចំពោះការផ្ទុះជំងឺសត្វ។ សហការជាមួយក្រសួងបរិស្ថាន ដើម្បីតាមដាន និងគ្រប់គ្រងជំងឺនៅក្នុងហ្វូងសត្វព្រៃ។ ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ក្រសួងកសិកម្ម ក្នុងការសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ដើម្បីជំរុញឱ្យកម្ពុជាក្លាយជាប្រទេសដែលមានភាពបុរេសកម្ម (Proactive) និងជាគំរូក្នុងតំបន់លើការអនុវត្តយុទ្ធសាស្ត្រសុខភាពតែមួយ ដើម្បីធានាបាននូវសុវត្ថិភាពស្បៀង និងសុខុមាលភាពប្រជាពលរដ្ឋទាំងមូល៕

អត្ថបទដោយ៖ cambodia-nation-media