ចប់បាត់ !! ឪពុកជនសង្ស័យបង្កហេតុស្លាប់ ៦នាក់នៅបាត់ដំបង បញ្ជាក់ថា កូនរបស់លោកបាត់ខ្លួន
បើតាមការបង្ហើបឲ្យដឹងពីមន្ត្រីចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ម្សិលមិញនេះ លោក ស៊ីវ សុជាតិ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលត្រូវជាឪពុករបស់ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដែលជាម្ចាស់រថយន្ដបង្កគ្រោះថ្នាក់បុកមនុស្សស្លាប់ចំនួន ៦នាក់ នៅស្រុកមោងឬស្សី បានចូលមកបំភ្លឺខ្លះៗហើយ ប៉ុន្តែសមត្ថកិច្ចមិនទាន់យកជាផ្លូវការបាន។
បើតាមសមត្ថកិច្ចលោកស៊ីវសុជាតិគ្រាន់តែដឹងថានៅយប់ថ្ងៃទី២៧ខែមីនាគឺប្រពន្ធនិងកូនរបស់លោកបានធ្វើដំណើរពីភ្នំពេញមកកាន់ខេត្តបន្ទាយមានជ័យដោយប្រពន្ធជិះរថយន្តមួយគ្រឿងឯកូនប្រុសជិះរថយន្តមួយគ្រឿងទៀតហើយនៅពេលជួបគ្រោះថ្នាក់ចរាចរណ៍លោកក៏ពុំបានដឹងរឿងនេះដែររហូតទាល់តែប្រពន្ធរបស់លោកប្រាប់ទើបលោកដឹងហើយរហូតមកដល់ពេលនេះកូនប្រុសរបស់លោកក៏នៅមិនទាន់រកឃើញនៅឡើយ។
លោក ស៊ីវ សុជាតិ បន្ថែមថា នៅក្នុងរឿងនេះ លុះត្រាតែប្រពន្ធរបស់លោកចូលខ្លួនមកបំភ្លឺទើបយកជាការបាន ព្រោះលោកក៏ចង់ដឹងដែរថាតើអ្នកណាជាអ្នកកាន់ចង្កូតបើកបរប៉ុន្តែនៅពេលនេះប្រពន្ធរបស់លោកមានធុរៈមិនទាន់ចូលខ្លួនមកបំភ្លឺបាន។
សមត្ថកិច្ចបានបញ្ជាក់ថា ការបំភ្លឺរបស់លោក ស៊ីវ សុជាតិ នៅមិនទាន់អាចយកជាផ្លូវការបាននៅឡើយ ដូច្នេះរង់ចាំឱ្យប្រពន្ធរបស់លោកចូលខ្លួនមកបញ្ជាក់ម្ដងទៀត ទើបអាចកំណត់បានថានរណាជាអ្នកបើកបរ៕
អត្ថបទដោយ៖ cambodia-nation-media