ព្រះមហាក្សត្រ និងសម្ដេចម៉ែ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ព្រះរាជសវនាការដល់មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តចិន នៅរដ្ឋធានីប៉េកាំង

 សង្គម
 ២៦ មីនា ២០២៦
 38
ក្នុងព្រះរាជកិច្ចបំពេញព្រះរាជដំណើរគង់ប្រថាប់នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសវនាការដ៏ខ្ពង់ខ្ពស់ ជាមួយ ឯកឧត្តម Cai Qi សមាជិកគណៈអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ និងជាសមាជិកលេខាធិការដ្ឋាននៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ ព្រះរាជសវនាការនេះ ត្រូវបានរៀបចំឡើងយ៉ាងសមរម្យ និងស្និទ្ធស្នាលជាទីបំផុត នៅវិមានរដ្ឋដាយយូតៃ (Diaoyutai State Guesthouse) ក្នុងរដ្ឋធានីប៉េកាំង។ ក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តម Cai Qi បានសម្តែងនូវគារវភក្តី និងសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានចូលក្រាបបង្គំគាល់ព្រះអង្គទាំងទ្វេ។ ឯកឧត្តមបានបញ្ជាក់ពីជំហរឥតងាករេរបស់ប្រទេសចិន ក្នុងការបន្តពង្រឹងចំណងមិត្តភាពដែកថែប ក៏ដូចជាកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ ជាការឆ្លើយតប ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គបានសព្វព្រះរាជហឫទ័យថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងប្រជាជនចិន ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹងដល់ព្រះរាជវង្សានុវង្ស ក៏ដូចជាការជួយជ្រោមជ្រែងដល់ការអភិវឌ្ឍមិត្តភាពកម្ពុជា-ចិន ឱ្យស្ថិតស្ថេរជាអមតៈ។ សូមបញ្ជាក់ថា ជំនួបនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំនាក់ទំនងការទូតដ៏ខ្ពង់ខ្ពស់ និងការរឹតចំណងមិត្តភាពជាប្រពៃណី ដែលត្រូវបានត្រួសត្រាយផ្លូវដោយព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិនជំនាន់មុនៗ ហើយកំពុងបន្តរីកសុះសាយយ៉ាងត្រចះត្រចង់ក្នុងយុគសម័យថ្មីនេះ៕

អត្ថបទដោយ៖ cambodia-nation-media