សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ទទួលសារតាំងឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋស្លូវ៉ាគី

 សង្គម
 ១៩ មីនា ២០២៦
 39
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នេះ បានអនុញ្ញាតឱ្យឯកឧត្តម Alexander Micovcin ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋស្លូវ៉ាគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជូនសារតាំងជាផ្លូវការ។ ពិធីទទួលសារតាំងនេះត្រូវបានធ្វើឡើងនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា រាជធានីភ្នំពេញ ក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយអត្ថន័យការទូត។ ក្នុងជំនួបនេះ ឯកឧត្តម Alexander Micovcin បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ ដែលត្រូវបានរដ្ឋាភិបាលស្លូវ៉ាគី ផ្តល់ទំនុកចិត្តឱ្យមកបំពេញបេសកកម្មការទូតនៅកម្ពុជា ដើម្បីបន្តពង្រឹង និងពង្រីកចំណងមិត្តភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ជាការឆ្លើយតប សម្តេចតេជោ ក្នុងនាមជាប្រមុខរដ្ឋស្តីទី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី និងបានបញ្ជាក់ពីការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់កិច្ចសហការគ្រប់បែបយ៉ាង ដើម្បីឱ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគជ័យ។ គួរបញ្ជាក់ថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងស្លូវ៉ាគី បានឈានដល់ដំណាក់កាលថ្មីមួយទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ដែលសបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ផលប្រយោជន៍នៃប្រជាជាតិទាំងពីរ៕

អត្ថបទដោយ៖ cambodia-nation-media