ប្រមុខការទូតកម្ពុជា បន្តបង្ហាញអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ដល់ប្រមុខការទូតអូស្ត្រាលី

 សង្គម
 ១៦ មីនា ២០២៦
 49
ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បន្តបង្ហាញអំពី វឌ្ឍនភាពថ្មីៗ នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផ្លាស់យោបល់គ្នាលើបញ្ហាតំបន់ និងសកលដែលជាប្រយោជន៍ និងកង្វល់រួមជាមួយប្រមុខការទូតអូស្ត្រាលី ក្នុងឱកាសបំពេញទស្សនកិច្ចនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ។ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី។ ក្នុងជំនួបពិភាក្សាខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់លោកជំទាវរដ្ឋមន្ត្រីការបរទេស ក្នុងការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់បដិសណ្ឋារកិច្ច ជូនឯកឧត្តម និងគណៈប្រតិភូ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ឯកឧត្តម នៅប្រទេសអូស្ត្រាលីនេះ។ ឯកឧត្តមក៏បានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថា ទស្សនកិច្ចផ្លូវការនេះនឹងពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនលោកជំទាវរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ពាក់ព័ន្ធនឹងវឌ្ឍនភាពថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ហើយក៏បានឆ្លៀតឱកាសផ្លាស់យោបល់គ្នាលើបញ្ហាតំបន់ និងសកលដែលជាប្រយោជន៍ និងកង្វល់រួម៕

អត្ថបទដោយ៖ cambodia-nation-media