កម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងការធ្វើ ទំនើបកម្មវិស័យបរិស្ថានកម្ពុជា


លោក ឈីត ឌី អគ្គនាយករង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុយយ៉ាងជ្រាលជ្រៅចំពោះក្រសួងបរិស្ថានដែលស្រឡាញ់និងផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុន។ លោកសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ យើងនឹងចាប់ដៃគ្នាបង្កើតជាប្រវត្តិសាស្ត្រនៃប្រតិបត្តិការប្រកបដោយយុទ្ធសាស្រ្ត និងជាក់លាក់ ដើម្បីកសាងសុវត្ថិភាពអេកូឡូស៊ី និងអនាគតបៃតងជាមួយគ្នា។
តាងនាមក្រសួងបរិស្ថាន និងក្នុងនាមខ្លួនផ្ទាល់ ឯកឧត្តម ខ្វៃ អាទិត្យា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ភាពជាដៃគូរបស់ក្រុមហ៊ុនរដ្ឋ GUANGXI LAND AND RESOURCES PLANNING AND DESIGN GROUP CO., LTD បានរួមចំណែកដ៏មានសារៈសំខាន់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជាក្នុងការដោះស្រាយបញ្ហាដ៏សំខាន់ គឺការប្រើប្រាស់បច្ចេកវិទ្យារូបភាពផ្កាយរណប និងការគ្រប់គ្រងប្រព័ន្ធទិន្នន័យរូបភាពផ្កាយរណប ដើម្បីធ្វើទំនើបកម្មវិស័យ បរិស្ថានកម្ពុជា។ ភាគីទាំងពីរនឹងសិក្សាអំពីតម្រូវការគោលនយោបាយរបស់ក្រសួង ជាមួយនឹងបទពិសោធន៍បច្ចេកទេសរបស់ក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាប្រព័ន្ធផ្កាយរណប BeiDou Navigation Satellite System (BDS) រូបភាពផ្កាយរណបសាធារណៈរដ្ឋប្រជាមានិតចិន។
ក្រសួងបរិស្ថានកម្ពុជាសង្ឃឹមយ៉ាងមុតមាំ និងជឿជាក់ថា អនុស្សរណៈនៃការយោគយល់នេះ នឹងត្រូវបានប្រែក្លាយទៅជាវឌ្ឍនភាពជាក់ស្តែង ដែលគម្រោងកិច្ចសហប្រតិបត្តិការនេះនឹងមានការផ្លាស់ប្តូរបទពិសោធន៍ រវាងភាគីទាំងពីរ ឱ្យកាន់តែទូលំទូលាយ ជាពិសេសការធ្វើទំនើបកម្មបច្ចេកវិទ្យារូបភាពផ្កាយរណប ដើម្បីធានាថាបច្ចេកវិទ្យាទាំងនេះត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព នឹងគាំទ្រដល់ការធ្វើទំនើបកម្មវិស័យបរិស្ថានកម្ពុជា៕ អត្ថបទដោយ៖ cambodia-nation-media