ឯកឧត្តម វ៉ាត់ ចំរើន បង្ហាញមហិច្ឆតារៀបចំព្រឹត្តិការណ៍ «Beach Marathon» នៅខេត្តព្រះសីហនុ ដើម្បីទាក់ទាញទេសចរណ៍
ព្រះសីហនុ នាពេលអនាគត បន្ទាប់ពីសម្លឹងឃើញសក្តានុពលដ៏អំណោយផលនៃតំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជា។
ការបញ្ជាក់នេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី «ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង ខេត្តព្រះសីហនុ លើកទី១១» ដែលបានប្រព្រឹត្តទៅនៅអគារ NOCC នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦។ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា៖ «នៅឆ្នាំបន្តបន្ទាប់ យើងមានមហិច្ឆតាចង់រៀបចំឱ្យបាននូវព្រឹត្តិការណ៍ម៉ារ៉ាតុង ដែលយើងហៅថា Beach Marathon នៅខេត្តព្រះសីហនុ ព្រោះយើងមានឆ្នេរសមុទ្រស្អាតខ្លាំង ដែលអាចទាក់ទាញអ្នករត់ជាតិ និងអន្តរជាតិឱ្យកើនឡើងកាន់តែច្រើន»។

ស្របជាមួយគ្នានេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា ដើម្បីសម្រេចមហិច្ឆតានេះ ការផ្តល់ទំនុកចិត្តលើផ្នែកសន្តិសុខដល់អត្តពលិកអន្តរជាតិជារឿងសំខាន់បំផុត។ លោកបានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការចាត់វិធានការក្តៅបោសសម្អាតក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online)។
ឯកឧត្តមបានបន្ថែមថា៖ «យើងដឹងថាបញ្ហា Scam Online នៅតំបន់ឆ្នេរអាចប៉ះពាល់ដល់អារម្មណ៍ភ្ញៀវបរទេស ប៉ុន្តែយើងមានជំនឿចិត្តយ៉ាងមុតមាំលើវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការសម្អាតបញ្ហានេះឱ្យអស់ ដើម្បីបង្កើនភាពកក់ក្តៅ និងទំនុកចិត្តដល់ភ្ញៀវទេសចរ និងកីឡាករមកពីគ្រប់ទិសទី»។
យោងតាមលោក សែម ផល្លា នាយកប្រតិបត្តិទិវារត់ប្រណាំង បានឱ្យដឹងថា ព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុងលើកទី១១ ដែលនឹងឈានមកដល់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ (នៅសល់តែ ៣សប្តាហ៍ទៀតប៉ុណ្ណោះ) រួមមាន ៤ វិញ្ញាសាសំខាន់ៗរួមមាន រត់ចម្ងាយ ២១គីឡូម៉ែត្រ, ១០ គីឡូម៉ែត្រ, ៥ គីឡូម៉ែត្រ និងរត់កម្សាន្ត ៣ គីឡូម៉ែត្រ។
គួរបញ្ជាក់ថា គណៈកម្មការរៀបចំនៅតែបន្តបើកទទួលចុះឈ្មោះអ្នកចូលរួមរត់ជាសាធារណៈ រហូតដល់ថ្ងៃកំណត់៕ អត្ថបទដោយ៖ cambodia-nation-media