មានមន្ត្រីរាជការចំនួន១០៣នាក់ ត្រូវបានបណ្តេញចេញ ពីក្របខណ្ឌ និងម្នាក់កំពុងបន្តនីតិវិធី ករណីវិជ្ជមានសារធាតុញៀន
នេះបើយោងលើរបាយការណ៍ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង ញៀន [អ.ជ.ប.គ.ញ] ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងាឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១ រយះពេល២ថ្ងៃ គឺថ្ងៃទី០៥និងទី០៦ ខែមិនា ឆ្នាំ ២០២៦ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន [អ.ជ.ប.គ.ញ]។
បើតាម របាយការណ៍ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ដដែល



ឆ្លើយតបទៅនឹងការដាក់បញ្ចូលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងស្នូលយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សមិទ្ធផលលេចធ្លោដែលអាជ្ញាធរជាតិសម្រេចបានរួមមាន ការអនុវត្តបទបញ្ជាលេខ០១ បប របស់រាជរដ្ឋាភិបាល៖ ក្នុងគោលដៅ អនុវត្តគោលការណ៍ “សម្អាតផ្ទះយើង» និង សម្អាតចកចេញពីផ្ទៃបឹង - មកដល់ពេលនេះ មានមន្ត្រីរាជការចំនួន ១៣១៤៧៣ នាក់ បានធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងទឹកមូត្រ ក្នុងនោះរកឃើញ អ្នកវិជ្ជមានចំនួន១០៤នាក់ បណ្តេញចេញ ចំនួន១០៣នាក់ និងកំពុងបន្តនីតិវិធីចំនួន១នាក់។ ដោយឡែកក្នុងឆ្នាំ២០២៥នេះ មានចំនួន ១២៧៦៦ នាក់ បានធ្វើតេស្តរហ័ស រកសារធាតុញៀនក្នុងទឹកមូត្រ ក្នុងនោះរកឃើញ អ្នកវិជ្ជមានចំនួន៥នាក់ បណ្តេញចេញ ចំនួន៥នាក់។
ចំពោះ ការអនុវត្តបទបញ្ជាលេខ០២ បប របស់រាជរដ្ឋាភិបាល៖ ក្នុងគោលដៅហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍ អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់និងស៊ីស្សា ដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខុមាលភាពសង្គម យើងបានធ្វើការផ្សព្វផ្សាយនិងចាត់តាំងអនុវត្តទទួលបានលទ្ធផលគាប់ប្រសើរផងដែរ៕ អត្ថបទដោយ៖ cambodia-nation-media