កិច្ចប្រជុំត្រៀមរៀបចំសន្និបាតអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១

 សង្គម
 0 ម៉ោងមុន
 34
ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងគ្រឿងញៀនខុសច្បាប់ លើកទី១១។ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរាយការណ៍អំពីលទ្ធផល និងការបែកចែកតួនាទីភារកិច្ចទៅកាន់អនុគណៈកម្ម​ការនីមួយៗ ដែលអគ្គលេខាធិការដ្ឋានបានបង្កើតឡើង ដើម្បីសហការរៀបចំជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ សំដៅឲ្យសន្និបាតនេះប្រព្រឹត្តទៅដោយរលូន និងប្រមូលបានធាតុចូលគ្រប់គ្រាន់។ សម្រាប់ដំណើរការសន្និបាតនោះនាប៉ុន្មានថ្ងៃខាងមុននេះ ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀប នឹងដឹកនាំបែងចែកក្រុមពិភាក្សាដោយផ្ទាល់ ដើម្បីក្ដាប់យកនូវបញ្ហាប្រឈម និងដាក់ចេញវិធានការដោះស្រាយ អន្ដរាគមន៍ឲ្យបានសមស្របចំទិសដៅតែម្ដង។ ឯកឧត្តម សន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងគ្រឿង ញៀនខុសច្បាប់ លើកទី១១ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែមីនា ឆ្នាំ២០២៦ ខាងមុខ។ ឯកឧត្តម បន្ដថា ពិធីបិទសន្និបាតឆ្នាំនេះ គឺសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ផ្ដល់កិត្តិយសអញ្ជើញជាអធិបតីដោយផ្ទាល់ ដែលបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ដោយឡែក បន្ទាប់ពីសន្និបាតបានបញ្ច​ប់ទៅ ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន ក៏បានណែនាំ ដល់អគ្គលេ ខាធិការដ្ឋាន និងនាយកដ្ឋានជំនាញ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវរៀបចំផែនការ សកម្មភាពការងារឲ្យបានច្បាស់លាស់ សំដៅពង្រឹងរបៀបរបបការងារ និងប្រើប្រាស់យន្ដការ MoU ជាមួយវិស័យឯកជន ដើម្បីចូលរួមចំណែកការងារប្រយុទ្ធប្រឆាំងគ្រឿង ញៀន ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕  

អត្ថបទដោយ៖ cambodia-nation-media