បេសកកម្មសន្តិភាព និងការទូត! សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តជំនួបកម្រិតខ្ពស់ ជាមួយថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ និងស្ថាប័នសិទ្ធិមនុស្សអន្តរជាតិនៅប្រទេសស្វីស

 សង្គម
 0 ម៉ោងមុន
 3
[ប្រទេសស្វីស] – បន្ទាប់ពីបានបញ្ចប់ភារកិច្ចដ៏មានសារៈសំខាន់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពរួចមក នាទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក រួចមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តបេសកកម្មការងារយ៉ាងមមាញឹកទៅកាន់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីជួបពិភាក្សាការងារជាមួយប្រមុខការទូត និងថ្នាក់ដឹកនាំកំពូលៗនៃស្ថាប័នអន្តរជាតិ។ ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅទីស្នាក់ការអង្គការសហប្រជាជាតិ សម្តេចធិបតីបានជួបពិភាក្សាការងារជាមួយឥស្សរជនឆ្នើមៗ រួមមាន លោក António Guterres អគ្គ លេខាធិការអង្គការសហប្រជាជាតិ ដែលជំនួបដ៏សំខាន់នោះគឺបានពិភាក្សាការងារលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង UN លើវិស័យសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ជំនួបពិភាក្សា និងសម្តែងការគួរសមជាមួយ លោកស្រី Annalena Baerbock ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ នាឱកាសនោះសម្តេចធិបតី និងលោកស្រី Annalena បានពិភាក្សាលើរបៀបវារៈសកល និងតួនាទីរបស់កម្ពុជាក្នុងវេទិកាពហុភាគី។ ជំនួបជាមួយលោក Volker Türk ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។ ប្រមុខដឹកនាំកម្ពុជា បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើការលើកកម្ពស់សិទ្ធិសេរីភាព និងកិច្ចសហការលើវិស័យមនុស្សធម៌។  ក្រៅពីជំនួបជាមួយថ្នាក់ដឹកនាំ UN សម្តេចធិបតីក៏បានឆ្លៀតឱកាសជួបជាមួយលោក José Ramos-Horta ប្រធានាធិបតីនៃប្រទេសទីម័រខាងកើត ដើម្បីរឹតចំណងមិត្តភាព និងបន្តជួបជាមួយ លោក Gilles Carbonnier អនុប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC)។ នាជំនួបនោះ ដែរសម្តេចធបិតី ហ៊ុន ម៉ាណែត បានពិភាក្សាអំពីសកម្មភាពមនុស្សធម៌ និងការផ្តល់ជំនួយសង្គ្រោះក្នុងតំបន់ដែលមានជម្លោះ។ បេសកកម្មរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសស្វីសនាពេលនេះ គឺជាសក្ខីភាពបង្ហាញពីតួនាទីដ៏សកម្មរបស់កម្ពុជានៅលើឆាកអន្តរជាតិ ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាសកល និងការកសាងបណ្តាញការទូតជាមួយបណ្តាប្រទេស និងអង្គការធំៗលើពិភពលោក។ គយរឱ្យដឹងផងដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និងទស្សនកិច្ចការងារ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦៕

អត្ថបទដោយ៖ cambodia-nation-media