តាងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សូមអបអរសាទរ និងសូមជូននូវពរជ័យ ជូនដល់បងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុង និង ក្រៅប្រទេស

 សង្គម
 5 ថ្ងៃមុន
 19
រួមទាំងបងប្អូនម៉ូស្លីមនៅទូទាំងពិភពលោក ដែលនឹងចូលបួសខែរ៉ម៉ាឌន ខែពិសិដ្ឋក្នុងសាសនាឥស្លាម ហើយជាសសរស្តម្ភទី៤ ក្នុងសាសនាឥស្លាម ដោយនៅប្រទេសកម្ពុជាយើងនឹងចាប់ផ្ដើមនៅថ្ងៃព្រហស្បតិ៍ ទី១ ខែរ៉ម៉ាឌន ឆ្នាំ ១៤៤៧ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។ ខ្ញុំនិងភរិយា សូមផ្ញើជូននូវក្តីនឹករឭក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ ក្នុងនាមជាប្រមុខរាជ រដ្ឋាភិបាលកម្ពុជា, ជឿជាក់លើការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក រួមជាមួយនឹងប្រជាជនកម្ពុជា ព្រមទាំងបានចូលរួមបន្តថែរក្សាសុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍ និងសាសនា ជាពិសេស ក៏បានចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈសកម្មភាពមនុស្សធម៌ ក្នុងបុព្វហេតុការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជានាពេលកន្លងមក។ ជាថ្មីម្តងទៀត ខ្ញុំសូមព្រះអល់ឡោះប្រទានពរជ័យ សិរីសួស្តីដល់បងប្អូនមូស្លីមកម្ពុជាទាំងក្នុង និងក្រៅប្រទេស ព្រមទាំងបងប្អូនមូស្លីមលើសាកលលោក សូមជួបប្រទះតែសេចក្តីសុខ សុភមង្គល និងជោគជ័យក្នុងកិច្ចប្រតិបត្តិជំនឿសាសនាឥស្លាម អំឡុងខែបួសរ៉ម៉ាឌន ឆ្នាំ២០២៦ នេះ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដោយ៖ cambodia-nation-media