ប្រទះឃើញ«ពងអណ្តើកហ្លួង»ចំនួន ២៥គ្រាប់ នៅឆ្នេរខ្សាច់នៃព្រែកកំពង់លើ ក្នុងប្រព័ន្ធព្រែកស្រែអំបិល ខេត្តកោះកុង

 សង្គម
 ១៣ កុម្ភៈ ២០២៦
 27
មន្រ្តីជំនាញអភិរក្សនៃរដ្ឋបាលជលផល និងអង្គការ WCS បានរកឃើញសំបុកអណ្តើកហ្លួង២ទីតាំង ដែលមានគ្រាប់ពងសរុប២៥គ្រាប់ នៅឆ្នេរខ្សាច់ចំណុចឈើទាល នៃព្រែកកំពង់លើ ក្នុងប្រព័ន្ធព្រែកស្រែអំបិល។ បច្ចុប្បន្ន ក្រុមការងារកំពុងការពារសំបុកទាំងនោះនិងតាមដានការញាស់ ដើម្បីធានាអត្រាគង់វង្សខ្ពស់។ រដ្ឋបាលជលផល បានឲ្យដឹងថា អណ្តើកហ្លួង ត្រូវបានចាត់ជាប្រភេទឧរង្គសត្វនិមិ្មតរូប នៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ និងត្រូវបានចាត់ជាប្រភេទកំពុងរងគ្រោះថ្នាក់ ដោយអនុក្រឹត្យលេខ១២៣ របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០០៩។ ប្រភេទនេះក៏ត្រូវបានចាត់ជាប្រភេទជិតផុតពូជ ក្នុងបញ្ជីក្រហមនៃអង្គការ IUCN និងស្ថិតក្នុងឧបសម្ព័ន្ធ១ នៃអនុញ្ញាសាយតេស ។ សូមជម្រាបថា ប្រព័ន្ធព្រែកស្រែអំបិលគឺជាកន្លែងការពារ និងអភិរក្សដ៏សំខាន់បំផុតនៅកម្ពុជា ព្រោះជាកន្លែងតែមួយគត់ដែលអណ្តើកហ្លួងរស់នៅនិងពងកូន។ ដូចនេះ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការ WCS រដ្ឋបាលខេត្តកោះកុងនិងព្រះសីហនុ អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ បានយកចិត្តទុកដាក់ការរពារប្រភេទនេះចាប់ពីឆ្នាំ២០០០ តាមរយៈការថែរក្សាប្រព័ន្ធអេកូឡូស៊ីក្នុងប្រព័ន្ធព្រែកស្រែអំបិល ការពង្រឹងការអនុវត្តច្បាប់ ការអប់រំផ្សព្វផ្សាយ និងការបង្កាត់ភ្ញាស់និងលែង ដើម្បីធានានិរន្តរភាពនៃប្រភេទនេះក្នុងដែនទឹកធម្មជាតិ៕

អត្ថបទដោយ៖ cambodia-nation-media