ឯកឧត្តម ខូវ ឆាយ៖ គុនខ្មែរ កាន់តែរីកចំរើន ឆ្ពោះទៅមុខលើឆាកអន្តរជាតិ

 សង្គម
 ១០ កុម្ភៈ ២០២៦
 34
ថ្លែងក្នុងពិធីសន្និសីទសារព័ត៌មាន គុនខ្មែរជើងឯកពិភពលោកនារសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាអគ្គលេខាធិការស្តីទី នៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ បានថ្លែងសារយ៉ាងជ្រាលជ្រៅទៅកាន់សមាជិកគុនខ្មែរមកពីជុំវិញពិភពលោក និងសាធារណជនជាតិ-អន្តរជាតិ។ ឯកឧត្តម ខូវ ឆាយ បានសង្កត់ធ្ងន់ថា គុនខ្មែរមានតម្លៃលើសពីការប្រកួតយកឈ្នះចាញ់នៅលើសង្វៀន ជាមរតកដែលបន្សល់ទុកពីដូនតាខ្មែររាប់ពាន់ឆ្នាំ ដែលយើងត្រូវតែរក្សាឱ្យបានគង់វង្ស អ្វីដែលពិសេសទៀតនោះ គុនខ្មែរ ជាអត្តសញ្ញាណដែលបង្ហាញពីភាពរឹងមាំ ភាពអង់អាចក្លាហាន និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ «គុនខ្មែរ មិនមែនជាកីឡាប្រយុទ្ធធម្មតាទេ ប៉ុន្តែជាបេតិកភណ្ឌវប្បធម៌ជាតិ ជាអត្តសញ្ញាណរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានបន្តមរតកពីបុរាណមកដល់សមយទំនើប»។ ប្រសាសន៍ ឯកឧត្តម ខូវ ឆាយ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកពិភពលោកលើកទី៦ ឆ្នាំ២០២៥ ប្រព្រឹត្តទៅពីថ្ងៃទី ១០ ដល់ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ មានកីឡាករ-កីឡាការិនី ចូលរួម សរុប ១២៣នាក់ (ប្រុស ៨១នាក់ ស្រី ៤២នាក់) មកពី ១៨ប្រទេសជុំវិញពិភពលោក និងត្រូវលេងលើ ៥០វិញ្ញាសា ក្នុងនោះរួមមាន៖ វិញ្ញាសាអាយុក្រោម ១៥ឆ្នាំ មាន ០២វិញ្ញាសា, វិញ្ញាសា Junior មានចំនួន ១៦វិញ្ញាសា (ប្រុសចំនួន ២១នាក់ និងស្រី ១៧នាក់), វិញ្ញាសា Senior Class B មានចំនួន ១៤វិញ្ញាសា (ប្រុសចំនួន ២៩នាក់ និងស្រី ១២នាក់), វិញ្ញាសា Senior Class A មានចំនួន ១៨វិញ្ញាសា (ប្រុសចំនួន ២៨នាក់ និងស្រី ១៣នាក់)៕

អត្ថបទដោយ៖ cambodia-nation-media