វិស័យសុខាភិបាលម៉ាឡេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងដែនតាមរយៈភាពជាដៃគូយុទ្ធសាស្ត្រជាមួយ ONEHEALTH KH កម្ពុជា

 សង្គម
 ០៩ កុម្ភៈ ២០២៦
 15
(ភ្នំពេញ)៖ វិស័យសុខាភិបាលម៉ាឡេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងដែន ជាមួយកម្ពុជា តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រជាមួយONEHEALTH KH កម្ពុជា ដេីម្បីពង្រឹងប្រព័ន្ធសុខាភិបាលរបស់ប្រទេសទាំងពីរ។ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមប្រឹក្សាទេសចរណ៍សុខាភិបាលម៉ាឡេស៊ី (MHTC) បានប្រារព្ធពិធីបើកដំណើរការ Malaysia Healthcare Week Phnom Penh 2026 និងបានចុះអនុស្សារណយោគយល់ជាផ្លូវការ ជាមួយ ក្រុមហ៊ុន OneHealth KH ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការងារពិសេស។ ពិធីចុះអនុស្សារណយោគយល់នេះគឺជាគំនិតផ្តួចផ្តើមផ្លូវការដំបូងមួយរបស់ MHTC នៅកម្ពុជា សម្រាប់ឆ្នាំ២០២៦ ហើយជាផ្នែកមួយក្នុងការចាប់ផ្តើមឆ្នាំនៃទេសចរណ៍វេជ្ជសាស្ត្រម៉ាឡេស៊ី (Malaysia Year of Medical Tourism – MYMT) ដែលបានរៀបចំឡើងក្រោមប្រធានបទ«ការព្យាបាលអមជាមួយបដិសណ្ឋាកិច្ច» ។ កិច្ចសហការរវាង MHTC ម៉ាឡេស៊ី និង OneHealth KH គឺជាការស្វែងរកឱកាសសហការគ្នា ពង្រឹង និងសម្របសម្រួលដំណើរការថែទាំអ្នកជំងឺ ឆ្លងដែន ដែលបង្ហាញពីការផ្តោតយុទ្ធសាស្ត្ររបស់ Malaysia Healthcare ក្នុងការធ្វើការជាមួយដៃគូរមូលដ្ឋានដែលអាចទុកចិត្តបាន ដើម្បីផ្តល់សេវាថែទាំសុខភាពឆ្លងដែនយ៉ាងរលូន និងបង្កើនបទពិសោធន៍ល្អជូនដល់អ្នកជំងឺ។ ក្នុងសប្តាហ៍ Malaysia Healthcare Week Phnom Penh 2026 សុខាភិបាលម៉ាឡេស៊ីបានបង្ហាញសមត្ថភាពវេជ្ជសាស្ត្រយ៉ាងទូលំទូលាយតាមរយៈស្ថាប័នឈានមុខជាច្រើន ដូចជា Subang Jaya Medical Centre ដែលទទួលបានពានរង្វាន់ FMTH Brand Distinction Excellence Award និង វិទ្យាស្ថានបេះដូងជាតិ (Institut Jantung Negara) ដែលជាអ្នកឈ្នះពាន FMTH Medical Excellence និង Medical Technology Distinction ក្នុងពានរង្វាន់ Flagship Medical Tourism Hospital Awards 2025 (FMTH)។ ព្រមទាំងមានវត្តមានមន្ទីរពេទ្យផ្សេងទៀតដែលបានចូល រួមមាន Sunway Medical Centre Penang, IHH Healthcare, Prince Court Medical Centre, Pantai Hospital Kuala Lumpur, MSU Medical Centre និង OPTIMAX Eye Specialist Centre។ វេទិការនេះបានផ្តោតសំខាន់លើ Center of Excellence ក្នុងឯកទេសនិមួយៗ របស់មន្ទីរពេទ្យដែលទទួលស្គាល់តាមស្តង់ដារអន្តរជាតិ និងគំរូថែទាំបែបពហុវិស័យរួមបញ្ចូលគ្នា។ ការពិភាក្សាសំខាន់ៗបានលើកឡើងថា ប្រព័ន្ធទទួលអ្នកជំងឺដែលមានរចនាសម្ព័ន្ធច្បាស់លាស់ អាចជួយបង្កើនលទ្ធផលសុខភាពអ្នកជំងឺ ដោយធានាការព្យាបាលត្រឹមត្រូវទាន់ពេលវេលា និងលើកកម្ពស់ការផ្តល់បទពិសោធន៍ដ៏ល្អ ដល់អ្នកទទួលសេវាសុខាភិបាល។ លោក Suriaghandi Suppiah នាយកប្រតិបត្តិនៃក្រុមប្រឹក្សាទេសចរណ៍សុខាភិបាលម៉ាឡេស៊ី (MHTC) បានមានប្រសាសន៍ថា «កម្ពុជាគឺជាដៃគូដ៏សំខាន់មួយសម្រាប់យើង។ យោងតាមទិន្នន័យគិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ ចំនួនអ្នកធ្វើដំណើរដើម្បីទទួលសេវាសុខាភិបាលបានកើនឡើង៨១ភាគរយ ពីជាង ៤ ៤០០ នាក់ ទៅជិត ៨ 000 នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ការណ៍នេះបានបង្ហាញពីការជឿជាក់លើគុណភាពសុខាភិបាលវេជ្ជសាស្ត្ររបស់យើង»។ ក្នុងកិច្ចពិភាក្សានេះ ក៏មានការពិភាក្សាផងដែរ ពីការផ្លាស់ទីអ្នកជំងឺ រួមមានការសម្របសម្រួលការធ្វើដំណើរ ការពិចារណាផ្នែកវប្បធម៌ និងការតាមដានបន្ទាប់ពីការព្យាបាល និងមុនពេលព្យាបាលដោយសហការយ៉ាងជិតស្និតជាមួយមន្ទីរពេទ្យក្នុងស្រុក រួមមានមន្ទីរសំរាកព្យាបាលដេវ៉ាល់ដា និងក្រុមវេជ្ជបណ្ឌិតរបស់ OneHealth KH ផ្ទាល់។ ធាតុទាំងនេះបង្ហាញពីវិធីសាស្ត្ររួមបញ្ចូលគ្នារបស់ Malaysia Healthcare ដែលភ្ជាប់ឧត្តមភាពវេជ្ជសាស្ត្រជាមួយនឹងភាពយកចិត្តទុកដាក់ និងផ្តល់សេវាកម្មផ្តោតលើអ្នកជំងឺជាស្នូល។ ការចូលរួមនេះក៏បញ្ជាក់ពីបំណងរបស់ Malaysia Healthcare ក្នុងការពង្រីកវត្តមាននៅកម្ពុជា តាមរយៈភាពជាដៃគូដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក និងពង្រឹងប្រព័ន្ធសុខាភិបាលរបស់ប្រទេសទាំងពីរ។ សុខាភិបាលម៉ាឡេសស៊ីបាននាំយកស្មារតី «ការព្យាបាលអមជាមួយការបដិសណ្ឋាកិច្ច» ដោយបញ្ចូលការថែទាំវេជ្ជសាស្ត្រដែលមានគុណភាពខ្ពស់ ជាមួយនឹងភាពកក់ក្តៅ ការយកចិត្តទុកដាក់ និងការយល់ដឹងផ្នែកវប្បធម៌។ តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ MHTC បន្តកសាងភាពជាដៃគូរយៈពេលវែង ដើម្បីលើកកម្ពស់ស្តង់ដារសុខាភិបាល និងធ្វើឱ្យលទ្ធផលអ្នកជំងឺប្រសើរឡើងទូទាំងតំបន់៕

អត្ថបទដោយ៖ cambodia-nation-media