(ភ្នំពេញ)៖ ក្នុងច្បាប់អន្តរជាតិ ព្រំដែនមិនអាចផ្លាស់ប្ដូរដោយការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងឡើយ។ សន្ធិសញ្ញាឆ្នាំ១៩០៤ និង១៩០៧ ដែលបានកំណត់ព្រំដែនកម្ពុជា-ថៃ នៅតែមានសុពលភាពតាមគោលការណ៍ច្បាប់អន្តរជាតិ។
សំណួរនៅថ្ងៃនេះ គឺថាតើសហគមន៍អន្តរជាតិ នឹងការពារមូលដ្ឋានច្បាប់នោះដែរឬទេ?
នៅពេលដែលកម្ពុជាអំពាវនាវឱ្យគោរពឯកសារព្រំដែនផ្លូវការ ការអំពាវនាវនោះមិនមែនជាការស្នើពង្រីកអំណាច ឬអន្តរាគមន៍នយោបាយឡើយ។ វាជាការរំលឹកអំពីឯកសារដែលបានកំណត់ព្រំដែនតាមសន្ធិសញ្ញាផ្លូវការ និងត្រូវបានទទួលស្គាល់ដោយច្បាប់អន្តរជាតិ ឯកសារដែលមានសាក្សីប្រវត្តិសាស្ត្រ ដូចជាប្រទេសបារាំង ដែលធ្លាប់ចូលរួមកំណត់ខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ។ មូលដ្ឋានច្បាប់នេះ មិនអាចត្រូវបានបំពាន ឬបម្លែងដោយអំពើឈ្លានពានឡើយ។
* លិខិតផ្លូវការកម្ពុជា ទៅបារាំង៖ ភស្តុតាងនៃការគាំទ្រច្បាប់អន្តរជាតិ
នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ញើលិខិតជូន ប្រធានាធិបតីបារាំង លោក Emmanuel Macron ឆ្លើយតបទៅនឹងការបង្ហាញឆន្ទៈរបស់បារាំងក្នុងការត្រៀមផ្តល់ឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ ប្រសិនបើមានសំណើផ្លូវការ។ ក្នុងលិខិតនោះ កម្ពុជាបានសម្តែងអំណរគុណចំពោះជំហរគាំទ្ររបស់បារាំងចំពោះបទឈប់បាញ់ និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាក៏បានរំលឹកពីតួនាទីប្រវត្តិសាស្ត្ររបស់បារាំងក្នុងការកំណត់ព្រំដែនតាមសន្ធិសញ្ញា១៩០៤ និង១៩០៧ ដែលនៅតែជាមូលដ្ឋានច្បាប់មានសុពលភាព។
បារាំង ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃ United Nations Security Council និងជាអ្នកគាំទ្រពហុភាគីនិយម បានបញ្ជាក់ឆន្ទៈក្នុងការផ្តល់ការគាំទ្របច្ចេកទេស និងសម្រួលការចែករំលែកឯកសារព្រំដែន ដែលជាមរតកនៃសម័យអាណាព្យាបាល។ សារនេះបញ្ជាក់ច្បាស់ថា កម្ពុជាកំពុងស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់ និងឯកសារ ដោយផ្អែកលើប្រវត្តិសាស្ត្រដែលអាចពិនិត្យបាន និងគោលការណ៍ច្បាប់អន្តរជាតិដែលត្រូវគោរព។ ក្នុងលិខិតនោះ សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាត្រៀមធ្វើការយ៉ាងជិតស្និទ្ធជាមួយបារាំង និងសហគមន៍អន្តរជាតិ ដើម្បីការពារសន្តិភាពតាមរយៈការគោរពច្បាប់អន្តរជាតិ និងសម្រេចបាននូវដំណោះស្រាយយុត្តិធម៌ និងយូរអង្វែងសម្រាប់ប្រជាជនកម្ពុជា និងថៃ។
* មូលដ្ឋានប្រវត្តិសាស្ត្រដែលមិនអាចបដិសេធ
នៅដើមសតវត្សទី២០ ប្រទេសបារាំង ក្នុងនាមជាអាណាព្យាបាលកម្ពុជា បានចុះសន្ធិសញ្ញាជាមួយសៀមឆ្នាំ១៩០៤ និង១៩០៧ ដើម្បីកំណត់ព្រំដែនឱ្យច្បាស់លាស់។ សន្ធិសញ្ញាទាំងនេះមិនមែនជាឯកសារសាមញ្ញទេ ប៉ុន្តែជាការកំណត់ស្ថានភាពច្បាប់ដែលមានសុពលភាពតាមទ្រឹស្តី pacta sunt servanda មានន័យថាសន្ធិសញ្ញា ដែលបានចុះហត្ថលេខា ត្រូវគោរពនិងអនុវត្តដោយស្មោះត្រង់។
ផែនទី Annex I ដែលភ្ជាប់នឹងការកំណត់ព្រំដែន បានដាក់ប្រាសាទព្រះវិហារនៅក្នុងទឹកដីកម្ពុជា។ ផែនទីនេះក្រោយមក ត្រូវបានយោងក្នុងសេចក្តីសម្រេចឆ្នាំ 1962 របស់តុលាការយុត្តិធម៌អន្តរជាតិ International Court of Justice ដែលបញ្ជាក់អធិបតេយ្យភាពកម្ពុជាលើប្រាសាទព្រះវិហារ។ ន័យនេះច្បាស់ណាស់ គឺព្រំដែនមិនមែនជាបញ្ហាបកស្រាយថ្មី ឬជាបញ្ហាអារម្មណ៍នយោបាយទេ។ វាជាបញ្ហាដែលត្រូវបានពិនិត្យ និងសម្រេចដោយតុលាការអន្តរជាតិរួចហើយ។
* មេរៀនឆ្នាំ១៩៤៦៖ កម្លាំងអាចគ្រប់គ្រងបណ្តោះអាសន្ន ប៉ុន្តែច្បាប់គ្រប់គ្រងយូរអង្វែង
ក្នុងសង្គ្រាមលោកទី២ ការកាត់ដីតាមអនុសញ្ញាទីក្រុងតូក្យូ ឆ្នាំ១៩៤១ បានបង្កការផ្លាស់ប្តូរស្ថានភាពព្រំដែនបណ្តោះអាសន្ន។ ការផ្លាស់ប្តូរនោះកើតឡើងក្នុងបរិបទនយោបាយអន្តរជាតិដែលអំណាចយោធា និងសម្ពាធភូមិសាស្ត្រនយោបាយ មានឥទ្ធិពលលើការសម្រេចចិត្ត។ ប៉ុន្តែការផ្លាស់ប្តូរដែលកើតឡើងក្រោមសម្ពាធសង្គ្រាម មិនអាចក្លាយជាមូលដ្ឋានច្បាប់យូរអង្វែងបានឡើយ។
ក្រោយបញ្ចប់សង្គ្រាមនៅឆ្នាំ១៩៤៦ កិច្ចព្រមព្រៀងដោះស្រាយ (Settlement Agreement) បានលុបចោលអនុសញ្ញាទីក្រុងតូក្យូទាំងស្រុង។ ការលុបចោលនោះ មិនមែនជាការសម្រេចចិត្តផ្នែកនយោបាយប៉ុណ្ណោះទេ ប៉ុន្តែជាការស្តារឡើងវិញនូវគោលការណ៍មូលដ្ឋានមួយនៃច្បាប់អន្តរជាតិ មានន័យថា អំពើដែលកើតឡើងក្រោមសម្ពាធកម្លាំង ឬក្នុងបរិបទឈ្លានពានមិនអាចបង្កើតសិទ្ធិស្របច្បាប់បានទេ។
មេរៀនឆ្នាំ១៩៤៦ បង្ហាញច្បាស់ថា កម្លាំងអាចផ្លាស់ប្តូរផែនទីបានក្នុងរយៈពេលខ្លី ប៉ុន្តែមិនអាចផ្លាស់ប្តូរមូលដ្ឋានច្បាប់អន្តរជាតិបានទេ។ នៅពេលដែលស្ថានភាពអន្តរជាតិត្រឡប់មកស្ថេរភាព គោលការណ៍ច្បាប់ត្រូវបានស្តារឡើងវិញ ហើយសន្ធិសញ្ញាដែលមានសុពលភាពត្រូវបានគោរពឡើងវិញ។ ន័យនេះមានសារៈសំខាន់សម្រាប់បច្ចុប្បន្ន។ វាបញ្ជាក់ថា ការប្រើប្រាស់កម្លាំង ឬសម្ពាធនយោបាយ ដើម្បីបង្កើតស្ថានភាពថ្មី មិនអាចជំនួសឯកសារផ្លូវការនិងសន្ធិសញ្ញាដែលបានទទួលស្គាល់ដោយច្បាប់អន្តរជាតិបានឡើយ។ នៅចុងក្រោយប្រវត្តិសាស្ត្របានបង្ហាញថា ច្បាប់តែងតែត្រឡប់មកជាអ្នកសម្រេចចុងក្រោយ។
* បារាំងក្នុងបរិបទសម័យថ្មី៖ តួនាទីជាអ្នកគាំទ្រច្បាប់ មិនមែនអំណាចអាណានិគម
ប្រទេសបារាំង បច្ចុប្បន្នមិនមែនជាប្រទេសនៃអាណាព្យាបាលលើកម្ពុជាទៀតឡើយ។ កម្ពុជាគឺជារដ្ឋអធិបតេយ្យពេញលេញដែលសម្រេចចិត្តដោយខ្លួនឯង។ ទោះជាយ៉ាងណាបារាំង នៅតែមានតួនាទីសំខាន់លើឆាកអន្តរជាតិ ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃ United Nations Security Council និងជាប្រទេសដែលគាំទ្រពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិជាប្រពៃណី។ តួនាទីរបស់បារាំងក្នុងបរិបទនេះ មិនមែនជាការបង្ខំភាគីណាមួយ ឬជ្រៀតជ្រែកជម្លោះទ្វេភាគីឡើយ។ ផ្ទុយទៅវិញ វាជាតួនាទីជាអ្នកកាន់ឯកសារប្រវត្តិសាស្ត្រ និងជាដៃគូដែលអាចផ្តល់ការគាំទ្របច្ចេកទេសនិងជំនាញ ដើម្បីបំភ្លឺមូលដ្ឋានច្បាប់ដែលបានកំណត់តាំងពីសន្ធិសញ្ញាផ្លូវការ។
ការស្នើឱ្យបារាំងផ្តល់ឯកសារព្រំដែន ដូច្នេះគឺជាសកម្មភាពស្របច្បាប់ និងស្របគោលការណ៍សន្តិភាពអន្តរជាតិ។ វាមិនមែនជាការអំពាវនាវអំណាចបរទេសចូលជ្រៀតជ្រែកទេ ប៉ុន្តែជាការប្រើប្រាស់យន្តការផ្លូវច្បាប់ និងឯកសារដែលមានស្រាប់ ដើម្បីធានាថា ជម្លោះត្រូវបានដោះស្រាយដោយសន្តិវិធី និងដោយការគោរពច្បាប់។
* តើនេះអាចជាលើកទី៣ទេ?
ប្រវត្តិសាស្ត្របានបង្ហាញរួចមកហើយថា ពេលណាដែលឯកសារបារាំង-សៀម ត្រូវបានយកមកអនុវត្តយ៉ាងត្រឹមត្រូវ ទឹកដីកម្ពុជា ដែលបាត់បង់ត្រូវបានស្តារមកវិញស្របតាមច្បាប់ និងទទួលបានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ។ ឆ្នាំ១៩០៧ គឺជាការកំណត់ព្រំដែនតាមសន្ធិសញ្ញា។ ឆ្នាំ១៩៤៦ គឺជាការស្តារស្ថានភាពច្បាប់ក្រោយសង្គ្រាម។ ទាំងពីរលើក មិនបានកើតឡើងដោយអាវុធទេ ប៉ុន្តែកើតឡើងដោយឯកសារនិងច្បាប់។
សំណួរនៅថ្ងៃនេះ គឺថាតើឯកសារផែនទីបារាំង-សៀម ដែលរដ្ឋាភិបាលទីក្រុងប៉ារីសបានបង្ហាញឆន្ទៈជួយផ្តល់ នឹងអាចក្លាយជាមូលដ្ឋានច្បាប់បំភ្លឺស្ថានការណ៍ព្រំដែនបច្ចុប្បន្នដែរឬទេ?
ប្រសិនបើប្រវត្តិសាស្ត្រជាមគ្គុទេសក៍ មេរៀនបានបង្ហាញថា កម្លាំងអាចបង្កើតការផ្លាស់ប្តូរបណ្តោះអាសន្ន ប៉ុន្តែច្បាប់ជាអ្នកសម្រេចចុងក្រោយ។ ដូច្នេះប្រសិនបើឯកសារប្រវត្តិសាស្ត្រត្រូវបានបង្ហាញយ៉ាងពេញលេញ និងគោរពតាមគោលការណ៍អន្តរជាតិ វាអាចក្លាយជាពន្លឺយុត្តិធម៌ ដែលបំភ្លឺការពិត និងបង្កើតមូលដ្ឋានសម្រាប់សន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។ លើកនេះ ប្រសិនបើមានពិតមែន វាមិនមែនជាលើកទី៣នៃការបង្ខំទេ ប៉ុន្តែអាចជាលើកទី៣ នៃការទទួលស្គាល់ច្បាប់ដែលមានឥទ្ធិពលលើសអំណាចអាវុធ។
សេចក្តីសន្និដ្ឋាន៖ ប្រវត្តិសាស្ត្រ បានបង្ហាញយ៉ាងច្បាស់ថា ពេលណាដែលឯកសារ និងសន្ធិសញ្ញាត្រូវបានគោរព សន្តិភាពអាចរក្សាបានយូរអង្វែង។ ផ្ទុយទៅវិញ ពេលណាដែលកម្លាំងត្រូវបានប្រើ ដំណោះស្រាយដែលកើតឡើងក្រោមអំពើបង្ខំ មានសុពលភាព តែបណ្តោះអាសន្នប៉ុណ្ណោះ។ កម្ពុជា អំពាវនាវឱ្យសហគមន៍អន្តរជាតិ ជាពិសេសបារាំង ដែលជាសាក្សីប្រវត្តិសាស្ត្រនៃសន្ធិសញ្ញា ១៩០៤និង១៩០៧ ផ្តល់ឯកសារផ្លូវការ ដើម្បីបំភ្លឺការពិតអំពីខ្សែព្រំដែនដែលបានកំណត់តាមច្បាប់។
ឯកសារទាំងនោះ អាចជួយបង្ហាញយ៉ាងច្បាស់លាស់ដល់ពិភពលោកថា តើមូលដ្ឋានច្បាប់នៃទឹកដីកម្ពុជាមានដែនកំណត់យ៉ាងដូចម្តេច និងតើការអះអាងណាខ្លះស្រប ឬផ្ទុយ ពីសន្ធិសញ្ញាផ្លូវការទាំងនេះ។ ការអំពាវនាវនេះ មិនមែនជាការស្នើអំណាច ឬការប្រើសម្ពាធនយោបាយឡើយ ប៉ុន្តែជាការអំពាវនាវឱ្យគោរពសន្ធិសញ្ញា និងច្បាប់អន្តរជាតិ។ កម្ពុជា ជឿជាក់ថាដំណោះស្រាយយុត្តិធម៌ និងយូរអង្វែង អាចកើតមានទៅបាននៅពេលដែលគោលការណ៍ច្បាប់ត្រូវបានគេគោរពលើសអំណាចអាវុធ៕
