ក្រសួងសាធារណការ និងដឹកជញ្ជូន បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦

 សង្គម
 ០៥ កុម្ភៈ ២០២៦
 57
នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦។ សន្និបាតនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យវាយតម្លៃវឌ្ឍនភាពការងារដែលសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ព្រមទាំងពិភាក្សាលើបញ្ហាប្រឈមដើម្បីស្វែងរកដំណោះស្រាយ និងលើកទិសដៅការងារបន្ត ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ក្នុងឱកាសនោះ ក្រសួងបានបង្ហាញនូវចក្ខុវិស័យសំខាន់ៗចំនួនពីរគឺ៖ ១. ការធ្វើទំនើបកម្មសេវាដឹកជញ្ជូន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ ២. ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ឡូជីស្ទីក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យមានគុណភាព សុវត្ថិភាព និងចីរភាព។ គួរបញ្ជាក់ថា សន្និបាតនេះមានរយៈពេល ២ថ្ងៃ (ថ្ងៃទី៥-៦ ខែកុម្ភៈ) ដោយមានការរៀបចំជាទម្រង់កិច្ចពិភាក្សា (Panel Discussion) លើប្រធានបទសំខាន់ៗដូចជា ការដោះស្រាយបញ្ហាប្រឈម ការគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងប្រសិទ្ធភាពសេវាសាធារណៈ។ ពិធីបិទសន្និបាតនឹងត្រូវធ្វើឡើងនៅថ្ងៃទី៦ ខែកុម្ភៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

អត្ថបទដោយ៖ cambodia-nation-media