ផ្ទៃដីជាង ៣ម៉ឺនហិកតា ក្នុងខេត្តបន្ទាយមានជ័យ បានរងផលប៉ះពាល់ដោយទម្ងន់គ្រាប់ផ្លោង និងគ្រាប់បែកចង្កោមនៃសង្គ្រាមឈ្លានពានយោធាថៃ
ជាមួយគ្នានេះលោកឧត្ដមសេនីយ៍ត្រី នេត រដ្ឋា បានរៀបរាប់ថា ចាប់ពីថ្ងៃទី២៨ ខែធ្នូឆ្នាំ២០២៥ ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ការរកឃើញគ្រាប់បែកចង្កោម ដែលផ្លោងដោយយោធាថៃ មកលើភូមិសាស្ត្រខេត្តបន្ទាយមានជ័យ គឺមានចំនួនច្រើន។ ប្រភេទគ្រាប់បែកចង្កោមមិនទាន់ផ្ទុះ ដែលនៅរាយប៉ាយនៅលើដីលំនៅឋាន ទីសាធារណៈ និងស្រែចម្ការរបស់ប្រជាពលរដ្ឋ ត្រូវបានបាញ់ និងបំបែកចេញពីគ្រាប់ប្រភេទ M46 និង M85។
បើតាមមន្ត្រីជំនាញរូបនេះ, ផលប៉ះពាល់នៃគ្រោះថ្នាក់ពីសំណល់សង្រ្គាមដែលបង្កឡើងដោយយោធាថៃនេះ មានទំហំធំធេងដោយសារតែឥទ្ធិពលនៃការផ្ទុះ និងអម្បែងរបស់វាខ្លាំង
ជាងគ្រាប់មីនទ្វេដង។ ខណៈចំនួនគ្រាប់ដែលមិនទាន់ផ្ទុះ និងធ្លាក់រាយប៉ាយ នៅតាមទីតាំងជាច្រើនទៀត ក៏មិនទន់រកឃើញនៅឡើយ។
ជាមួយនឹងសកម្មភាពរុករកគ្រាប់បែកចង្កោមដែលយោធាថៃ បាញ់ស្រោចមកលើទឹកដីកម្ពុជា ត្រូវបានលោកឧត្ដមសេនីយ៍ត្រី នេត រដ្ឋាអះអាងថាកម្លាំងជំនាញស៊ីម៉ាក់បានប្រើប្រាស់បច្ចេកទេសគ្រឿងចក្រស្រូបឆក់គ្រាប់បែកចង្កោមជាសំណល់គ្រាប់មិនទាន់ផ្ទុះរបស់យោធាថៃ ដោយខ្លះត្រូវបានបន្សាប ប៉ុន្តែមានគ្រាប់បែកចង្កោមខ្លះ មានការផ្ទុះខ្លាំងមិនអាចបន្សាប។
មន្ត្រីស៊ីម៉ាក់ ក៏បានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូបកុំប៉ះពាល់គ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទ។ ក្នុងករណីប្រជាពលរដ្ឋជួបវត្ថុសង្ស័យនានា គឺកុំប៉ះពាល់ ហើយត្រូវរាយការណ៍ទៅអាជ្ញាធរ
ដែលនៅកៀកបំផុត។ ជាមួយគ្នានេះ ក៏បានរំឭកដល់ប្រជាពលរដ្ឋភៀសសឹកទាំងអស់ដែលបានវិលត្រឡប់ចូលលំនៅឋាននៅតាមតំបន់រងផលប៉ះពាល់ដោយសារគ្រាប់ផ្លោងរបស់យោធាឈ្លានពានថៃត្រូវប្រុងប្រយត្ន័ខ្ពស់បំផុតចំពោះសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលស្ថិតនៅរាយប៉ាយតាមដីភូមិឋានស្រែចម្ការ៕ អត្ថបទដោយ៖ cambodia-nation-media