កម្ពុជា-ថៃ​នៅមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយ​នៃ​កិច្ច​ប្រជុំថ្នាក់យោធភូមិភាគ RBC

 សង្គម
 ០៥ កុម្ភៈ ២០២៦
 6
កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)​ បន្ត​បរាជ័យ​ជាថ្មី​ម្ដង​ទៀត​ហើយ ដោយ​ភាគី​ទាំងពីរ​ មិនអាច​រក​ចំណុចកណ្ដាល​រួម​ឃើញ  ហើយ​ត្រូវ​ដក​ឃ្លា​ទៅ​ទីបញ្ជាការរៀងៗខ្លួន​វិញ។ នេះបើ​តាមក្រសួងការពារជាតិ។ លោកៀទាវ  ម៉ាលី សុជាតា អ្នកនាំ​ពាក្យ​ក្រសួង​ការពារជាតិ​ថ្លែង​ថា កិច្ចប្រជុំ RBC ត្រូវ​បាន​រៀបចំ​ឡើង​នៅថ្ងៃទី៤ កុម្ភៈ​នេះ រវាងយោធភូមិភាគទី៣ ភាគីកម្ពុជា និងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត ភាគីថៃ ប្រព្រឹត្តទៅនៅ​​​ច្រក​អន្តរជាតិចាំយាម-ហាតលឹក ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។​ កិច្ច​ប្រជុំនេះ​ធ្វើ​ឡើង​ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃ ដែល​ក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ទោ មុំ សាម៉ឺឌី មេបញ្ជាការរង យោធភូមិភាគទី៣ រីឯ ក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ វរនាវីឯក ឧត្តម គុនសិរិប៉ាន់យ៉ោ នាយសេនាធិការ បញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត។ លោកស្រី ម៉ាលី សុជាតា ថ្លែង​ថា៖ «ដោយសារតែភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ដូច្នេះភាគីទាំងពីរបានឯកភាពគ្នាដកឃ្លាវិលត្រលប់ទៅទី បញ្ជាការរៀងខ្លួនវិញ ហើយបន្តផ្លាស់ប្តូរឯកសារ និងពិភាក្សាគ្នាឈានដល់ការឯកភាពគ្នានាពេលខាងមុខទើបមានការរៀបចំពិធីចុះហត្ថលេខា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ របស់កម្ពុជា និងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត របស់ថៃ»។

អត្ថបទដោយ៖ cambodia-nation-media