រកឃើញវត្តមានសត្វខ្លាត្រីជាថ្មីម្តងទៀតនៅបឹងទន្លេសាបភូមិសាស្រ្តខេត្តពោធិ៍សាត់

 សង្គម
 ០២ កុម្ភៈ ២០២៦
 40
គំហើញវត្តមានសត្វខ្លាត្រីជាថ្មីម្តងទៀតនៅបឹងទន្លេសាបភូមិសាស្ត្រខេត្តពោធិ៍សាត់បង្ហាញពី លទ្ធផលវិជ្ជមានពីការស្តារព្រៃ និងការងារគ្រប់គ្រងតំបន់ដីសើមនៅកម្ពុជា កំណត់ត្រារូបភាពនៃសត្វខ្លាត្រីដ៏កម្រតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិនាពេលនេះ បង្ហាញពីផ្លែផ្កានៃកិច្ចសហការក្នុងការស្ដារ ព្រៃលិចទឹកឡើងវិញរយៈពេលវែងនៅតំបន់អេកូឡូស៊ីទឹកសាបដ៏សំខាន់បំផុតមួយនៅអាស៊ីអាគ្នេយ៍។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន។ ជាក់ស្តែង ខេត្តពោធិ៍សាត់ បឹងទន្លេសាប ប្រទេសកម្ពុជា (ទិវាដីសើមពិភពលោក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦)៖ សត្វខ្លាត្រី មួយ ក្បាល (Prionailurus viverrinus) ដែលជាប្រភេទសត្វដ៏កម្របំផុតនៅតំបន់អាស៊ី ត្រូវបានប្រទះឃើញជាថ្មីម្ដងទៀត នៅក្នុងតំបន់ព្រៃលិចទឹកដែលបានស្ដារឡើងវិញនៃខេត្តពោធិ៍សាត់ ជុំវិញបឹងទន្លេសាប តាមរយៈរូបភាពចំនួន ៤៦សន្លឹក ថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ នៅពាក់កណ្ដាលឆ្នាំ២០២៥។ នេះគឺជាគំហើញដ៏សំខាន់មួយបញ្ជាក់ពីលទ្ធផល វិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងក្នុងការងារគ្រប់គ្រងរយៈពេលជាងមួយទស្សវត្សនេះ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងរាជ រដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ជាសេនាធិការ ជាមួយ អង្គការអភិរក្សអន្តរជាតិ ហៅកាត់ថា CI។លោកស្រី Vanessa Herranz Muñoz ប្រធានសហគ្រាសអេកូឡូស៊ីខ្លាត្រី (FCEE) និងជាសមាជិកនៃអ្នកជំនាញ បច្ចេកទេសអភិរក្សខ្លាត្រី បានបញ្ជាក់ថា រូបភាពនេះគឺពិតជារូបសត្វខ្លាត្រីប្រាកដមែន ដោយលោកស្រីសង្កត់ធ្ងន់ដែរថា៖ «កំណត់ត្រាសត្វនេះនៅអាស៊ីអាគ្នេយ៍គឺមានការខ្វះខាតខ្លាំង ហើយចំនួនវានៅក្នុងប្រទេសកម្ពុជាប្រហែលនៅមានតិច តួចប៉ុណ្ណោះ។ នេះគឺជាកំណត់ត្រាលើកទីពីរដែលត្រូវបានបញ្ជាក់វត្តមាននៃសត្វខ្លាត្រីនៅក្នុងតំបន់ទន្លេសាបទាំងមូលហើយវាផ្ដល់ឱ្យយើងនូវក្តីសង្ឃឹមសម្រាប់ការស្ដារឡើងវិញនូវប្រភេទសត្វខ្លាដ៏សំខាន់នេះ»។ គួរបញ្ជាក់ថានៅប្រទេសកម្ពុជាកំណត់ត្រាដែលបានបញ្ជាក់អំពីខ្លាត្រីពុំសូវមានច្រើននោះទេដោយគឃើញមានកំណត់ត្រាវត្តមាននៃសត្វនេះនៅតំបន់មួយចំនួនដូចជាដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព តំបន់ព្រៃកោង កាង ឧទ្យានជាតិរាម និងតំបន់រ៉ាមសារបឹងទន្លេឆ្មារ (គំហើញទី១កាលពីឆ្នាំ២០២២)។ ការបញ្ចាក់ពីវត្តមានសត្វនេះជា រឿយៗប្រឈមនឹងបញ្ហាកំណត់អត្តសញ្ញាណដោយរូបរាងវាងាយច្រលំនឹងឆ្មារដាវ (Prionailurus bengalensis)ផងដែរ៕

អត្ថបទដោយ៖ cambodia-nation-media