ក្រសួងការងារ បន្តផ្សព្វផ្សាយឱកាសការងារនៅសល់ជាង ៨ម៉ឺនកន្លែងទៀតកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ

 សង្គម
 ៣១ មករា ២០២៦
 44
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តផ្សព្វផ្សាយឱកាសការងារជាង ៨ម៉ឺនកន្លែងទៀតដែលនៅសល់ កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ ដោយឱកាសការងារទាំងនោះស្ថិតក្នុងវិស័យ ៣សំខាន់ៗ។ នៅយប់ថ្ងៃទី៣០ ខែមករា ក្រសួងការងារ បានផ្សព្វផ្សាយឱ្យដឹងថា ឱកាសការងារចំនួន ៨៧,៣៦១ កន្លែង នៅតាមរាជធានី-ខេត្ត កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុង ស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកកម្ពុជាវិញ។ ក្រសួងការងារ បានឱ្យដឹងបន្តថា ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យសំខាន់ៗចំនួន ៣ រួមមាន៖ វិស័យកសិកម្ម, ឧស្សាហកម្ម និងវិស័យសេវាកម្ម។ រាជធានី-ខេត្ត ដែលមានឱកាសការងារច្រើនជាងគេរួមមាន៖ រាជធានីភ្នំពេញ មានចំនួន ២៨,៦២៤កន្លែង, ខេត្តកំពង់ស្ពឺ មានចំនួន ២០,២៤២, ខេត្តកណ្ដាល មានចំនួន ៩,៨២១កន្លែង, ខេត្តតាកែវ មានចំនួន ៨,៦៧០កន្លែង និងខេត្តស្វាយរៀង មានចំនួន ៥,៥០៤កន្លែង។ ជាមួយគ្នានេះ ក្រសួងការងារ ក៏បានឱ្យដឹងដែរថា គិតមកដល់ពេលនេះ មានបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃជាង ៣១ម៉ឺននាក់ហើយ បានទទួលការងារធ្វើតាមរយៈយន្ដការរបស់ក្រសួង ហើយមានបងប្អូនអតីតពលកររាប់ម៉ឺននាក់ផ្សេងទៀត បានទទួលការងារធ្វើនៅតាមការដ្ឋានសំណង់ សិប្បកម្ម និងភោជនីយដ្ឋាន ជាដើម។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានបន្តអំពាវនាវដល់បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ ដែលមិនទាន់ទទួលបានការងារធ្វើ សូមទាក់ទងមកលេខទូរសព្ទ ១២៩៧ ដើម្បីឱ្យក្រសួងជួយសម្របសម្រួលស្វែងរកការងារជូន៕

អត្ថបទដោយ៖ cambodia-nation-media