NOCC ចុះអនុស្សរណៈជាមួយ AmCham ដើម្បីស្វែងរកការឧបត្ថម្ភ និងពង្រឹងសមត្ថភាពអត្តពលិកឆ្ពោះទៅអូឡាំពិក ឆ្នាំ២០២៨

 កីឡា
 ១៤ មករា ២០២៦
 41
[ភ្នំពេញ]៖ នាព្រឹកថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបើកយុទ្ធនាការកៀរគរការឧបត្ថម្ភ គាំទ្រដល់អត្តពលិកកម្ពុជាក្នុងការត្រៀមខ្លួនឆ្ពោះទៅកាន់ព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៨ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។ ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC, លោក Casey Barnett ប្រធាន AmCham និងលោក Benjamin Chiang ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។   លោក Casey Barnett បានបញ្ជាក់ថា នេះជាការចាប់ផ្តើមនៃកម្មវិធីប្រមូលថវិកាពីក្រុមហ៊ុនអាមេរិក និងសប្បុរសជននានា។ លោកបានលើកឡើងថា នៅសហរដ្ឋអាមេរិក ការហ្វឹកហាត់របស់អត្តពលិកភាគច្រើនទទួលបានការគាំទ្រពីវិស័យឯកជនជាជាងពឹងផ្អែកទាំងស្រុងលើរដ្ឋាភិបាល។ លោកសង្ឃឹមថា កម្ពុជានឹងអាចអនុវត្តគំរូនេះ ដើម្បីជំរុញឱ្យអត្តពលិកមានលទ្ធភាពកាន់តែខ្ពស់ក្នុងការដណ្តើមជោគជ័យជូនជាតិ។ ប្រភេទកីឡាអាទិភាពដែលនឹងទទួលបានការគាំទ្រ រួមមាន៖កីឡាហែលទឹក និងអត្តពលកម្ម ការ៉ាតេ តេក្វាន់ដូ និងចំបាប់។ ឯកឧត្ដម វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា គោលដៅចម្បងនៃកិច្ចសហប្រតិបត្តិការនេះ គឺការបញ្ជូនអត្តពលិកដែលមានសក្តានុពលទៅហ្វឹកហាត់កម្រិតខ្ពស់នៅក្រៅប្រទេស និងចូលរួមការប្រកួតអន្តរជាតិឱ្យបានច្រើនដើម្បីវាស់ស្ទង់សមត្ថភាព។ «គោលដៅសំខាន់របស់ NOCC គឺជំរុញឱ្យអត្តពលិកកម្ពុជាអាចចូលរួមអូឡាំពិកតាមរយៈការប្រកួតជម្រុះជាប់ដោយសមត្ថភាព (Qualify) ឱ្យបានច្រើន ជាជាងការប្រើប្រាស់សិទ្ធិអនុគ្រោះ (Wild Card)»។ ការចាប់ដៃគូរវាង NOCC និង AmCham នាពេលនេះ មិនត្រឹមតែជាការស្វែងរកថវិកាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្តល់ក្តីសង្ឃឹម និងបង្កើនទំនុកចិត្តដល់អត្តពលិកកម្ពុជាក្នុងការតំណាងឱ្យប្រទេសជាតិលើឆាកអន្តរជាតិនៅឆ្នាំ២០២៨ ខាងមុខ៕

អត្ថបទដោយ៖ cambodia-nation-media