មានការកាប់ទន្ទ្រានព្រៃឈើថ្មីៗចំនួន ៤៥ ហិកតា ដែលជាដីបម្រុងទុករបស់រដ្ឋ នៅក្នុងតំបន់អូតាលោក ឃុំមានរិទ្ធ ស្រុកសណ្ដាន់
ជំនាញរដ្ឋបាលព្រៃឈើ និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរដែនដីភូមិ ឃុំ ស្រុក ចាត់វិធានការស្រាវជ្រាវវែករកមុខសញ្ញាជនល្មើស ដែលលួចកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ នៅតំបន់អូតាលោក ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ក្នុងឱកាសដែលកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំមួយផ្នែក ត្រូវបានទទួលបទបញ្ជាក្នុងការទៅបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតំបន់ព្រំដែនកម្ពុជា-ថៃនាពេលកន្លងទៅ ។
ប្រសាសន៍នេះត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុន លើកឡើង ក្នុងពេលដឹកនាំមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្ត រួមជាមួយអាជ្ញាធរដែនដី ឃុំ ស្រុក ទៅត្រួតពិនិត្យការកាប់ទន្ទ្រាន
ព្រៃឈើថ្មីៗ ចំនួន ៤៥ ហិកតា ដែលជាដីបម្រុងទុករបស់រដ្ឋ នៅក្នុងតំបន់អូតាលោក ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ ថា ក្នុងរយៈពេលជិតពីរឆ្នាំកន្លងទៅនេះ ក្រុមការងារពាក់ព័ន្ធ បានគ្រប់គ្រងផ្ទៃដីដែលដកហូតយកបានពីជនល្មើស ដែលលួចកាត់ទន្ទ្រាននាបណ្ដាឆ្នាំកន្លងទៅ ចំនួនជាង បួនពាន់ហិកតា រក្សាទុកជាដីរបស់រដ្ឋ ដើម្បីឲ្យព្រៃឈើធម្មជាតិដុះលូតលាស់ឡើងវិញ និងផ្ទៃដីមួយផ្នែកទៀត ត្រូវបានដាំស្ដារព្រៃឈើឡើងវិញ៕ អត្ថបទដោយ៖ cambodia-nation-media