កម្ពុជាពន្យល់ពិភពលោកពីទង្វើឈ្លានពានរបស់ថៃ​

 សង្គម
 3 ថ្ងៃមុន
 29
នៅក្នុង​លិខិត​ចំហ​មួយពីប្រទេសបារាំង លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​សរសេរថា​ អ្វីដែលបាន និងកំពុងបន្តកើតឡើង នៅបណ្តោយព្រំដែនខាងលិចនៃកម្ពុជា តាំងពីថ្ងៃទី៧​ខែធ្នូ ឆ្នាំ២០២៥មកទល់ថ្ងៃនេះ គឺជាការឈ្លានពានមួយជាក់ស្តែងប្រកែកមិនបាន ពីសំណាក់កងទ័ពថៃ មកលើ​បូរណភាពទឹកដី និងដែនអធិបតេយ្យកម្ពុជា។ វាមិនមែនជាឧបទ្ទវហេតុមួយចៃដន្យទេ, វាគឺជាសង្គ្រាម​ទាំងស្រុង និងទាំងកំរោលមួយ ដែលត្រូវបានគិតគូរគ្រោងទុកជាមុនយ៉ាងល្អិតល្អន់បំផុតដោយកងទ័ពថៃ។ លោក ហ្សង់ ហ្វ្រង់ស័រ ដែលជាអ្នកជំនាញលើភូមិសាស្រនយោយបាយ ពន្យល់ថា មានហេតុផល​សំខាន់​ចំនួន៥ ដែលច្បាស់ជានឹងជម្រះក្តីមន្ទិលសង្ស័យរបស់មតិអន្តរជាតិ និងធ្វើឱ្យសហគមន៍អន្តរជាតិ​យល់​ដឹងថា ថៃគឺជាអ្នកឈ្លានពានកម្ពុជា ៖ ទី១- កម្ពុជាជាប្រទេសតូចមិនអាចធ្វើសង្គ្រាមឈ្លានពានប្រទេសថៃជាប្រទេសធំបានទេ គឺតូចទាំងទឹកដី តូចទាំងសេដ្ឋកិច្ច តូចទាំងយោធា និងតូចទាំងមហិច្ឆតា។ ដូចនេះ កម្ពុជាមិន​អាច​ឈ្លានពានប្រទេស​ខ្លាំងជាង​ខ្លួនដល់ទៅ៣ដង ដូចជាប្រទេសថៃបានឡើយ។ ទី២- កម្ពុជាទាមទារឱ្យគោរពខ្សែបន្ទាត់ព្រំដែនតាមផែនទី និងសន្ធិសញ្ញាព្រំដែន ដែល​ទទួល​ស្គាល់ជា​អន្តរជាតិ ប៉ុន្តែថៃទាមទារខ្សែបន្ទាត់ព្រំដែនតាមផែនទីឯកតោភាគីរបស់ខ្លួន។ ប្រទេសទាំងពីរគឺជាអ្នកជិត​ខាង​នឹងគ្នា ដែលមានខ្សែបន្ទាត់ព្រំដែនច្បាស់លាស់កំណត់ដោយអនុសញ្ញាបារាំង-សៀម និងផែនទី ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ព្រមទាំង​មាន​អនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០។ ដូចនេះ គ្មាន​ហេតុផលណាមួយ ដែលកម្ពុជាមានចេតនា ឬប៉ុនប៉ងរំលោភបំពាន និងឈ្លានពានលើអធិបតេយ្យភាព​របស់ប្រទេសថៃនោះឡើយ។ ទី៣- កម្ពុជាប្រើយន្តការអន្តរជាតិដើម្បដោះស្រាយបញ្ហាព្រំដែន ប៉ុន្តែថៃធ្វើសង្គ្រាមដើម្បីឈ្លានពាន​យក​ទឹកដី។ ជាក់ស្ដែង ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ទាំងពីមុន និងបច្ចុប្បន្ន​ កម្ពុជាតែងតែ​ប្រកាន់​យក​យន្តការអន្តរជាតិ និងច្បាប់អន្តរជាតិ ក្នុងការដោះស្រាយ​បញ្ហា។ ជាលទ្ធផល កម្ពុជាបានទទួលជោគជ័យ ដូចក្នុង​ករណី​ប្រាសាទព្រះវិហារឆ្នាំ១៩៦២ និងឆ្នាំ២០១៣។ ដូច្នេះ គ្មានហេតុផលណា ដែលកម្ពុជា​ច្រាន​ចោល​យន្តការដែលខ្លួនធ្លាប់ទទួលបានជោគជ័យ២លើករួចមកហើយនេះ, ហើយបែរជាទៅបង្កសង្រ្គាមជា​មួយ​ប្រទេសថៃនោះឡើយ។ ទី៤- កម្ពុជាស្គាល់ច្បាស់ពីសោកនាដកម្មនៃសង្គ្រាម និងផ្ដល់តម្លៃខ្ពស់បំផុតដល់សន្តិភាព។ ក្នុងរយៈ​ពេល​ជិត​៥០ឆ្នាំកន្លងទៅនេះ, ក្រោយពីឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្សរ៍ ក្នុងនោះរួមមានទាំងរបបខ្មែរក្រហម​ប្រល័យ​ពូជសាសន៍មួយផងនោះ រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាទាំងអស់ឱ្យតម្លៃខ្ពស់​បំផុត​ដល់​សន្តិភាព។ កម្ពុជាធ្លាប់ឆ្លងកាត់​សង្រ្គាមឆ្អែតឆ្អន់ហើយ, កម្ពុជាត្រូវការសន្តិភាព និងស្ថិរភាពសម្រាប់អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ។ ដូចនេះ គ្មានហេតុផលណាមួយដែលកម្ពុជាទៅបង្កសង្គ្រាមបំផ្លាញ​សន្តិភាពដែលរកបាន​មក​យ៉ាងលំបាកនោះឡើយ។ ទី៥- ថៃប្រកាសសង្គ្រាមជាចំហ និងវាយប្រហារយ៉ាងព្រៃផ្សៃមកលើកម្ពុជា។ ​ការផ្ទុះឡើងវិញនៃ​សង្គ្រាម​ព្រំដែន ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥រហូតដល់ពេលនេះ គឺនាយករដ្ឋមន្ត្រីថៃ និងមេទ័ព​កំពូល​របស់ថៃ បានប្រកាសសង្គ្រាមឱ្យយោធាថៃវាយប្រហារកម្ពុជា ដោយពង្រីកវិសាលភាពតាម​បណ្តោយ​ព្រំដែន​គោកជាង​៨០០គីឡូម៉ែត្រ និងបើកប្រតិបត្តិការយោធាវាយលុកចូលជ្រៅជាង ៨០-៩០ គីឡូម៉ែត្រ​មកក្នុង​អធិបតេយ្យភាពកម្ពុជា។ ជាសេចក្តីសន្និដ្ឋាន លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូ​អម​នាយករដ្ឋមន្ត្រី បានលើកឡើងថា ផ្អែកលើចំណុចទាំង៥នេះ គឺបង្ហាញថា ប្រទេសកម្ពុជាជាអ្នករងគ្រោះការពារខ្លួន ហើយប្រទេសថៃ​ជាអ្នក​បង្កសង្គ្រាមឈ្លានពានលេបយកទឹកដីកម្ពុជា៕

អត្ថបទដោយ៖ cambodia-nation-media