ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស ដែលបានផ្តល់ភេសជ្ជៈដល់ក្រសួងព័ត៌មាន ចំនួន១ ០០០កេស ដើម្បីយកទៅចែកជូនដល់ប្រជាពលជនភៀសសឹក

 សង្គម
 7 ថ្ងៃមុន
 51

នៅក្នុងឱកាសអញ្ជើញទទួលអំណោយពីសប្បុរសជន នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា សុខ សំណាង អគ្គនាយកក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស ដែលបានផ្តល់ភេសជ្ជៈដល់ក្រសួងព័ត៌មាន ចំនួន ១ ០០០កេស ដើម្បីយកទៅចែកជូនដល់បងប្អូនប្រជាពលជនភៀសសឹកនៅក្នុងតំបន់សុវត្ថិភាព និងវីរកងទ័ពដែលកំពុងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និង នៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។

ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការផ្តល់នូវអំណោយរបស់ អ្នកឧកញ៉ា សុខ សំណាង ជាបន្តបន្ទាប់មកនេះ បានបង្ហាញពីទឹកចិត្តដ៏ប្រពៃថ្លៃថ្លា បង្ហាញពីមនោសញ្ចេតនា សេចក្តីរាប់អាន និងការចូលរួមចំណែកយក ចិត្តទុកដាក់ខ្ពស់លើការងារសប្បុរសធម៌ និងកិច្ចការសង្គមតាមរយៈ ក្រសួងព័ត៌មាន ជាពិសេស ដើម្បីចែកជូនដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្ត្រី សូមជូនពរ ក្រុមហ៊ុន ភេសជ្ជៈម៉ូវកម្លាំងបាកាសឱ្យកាន់តែមានការរីកចម្រើន និងទទួលបានជោគជ័យបន្ថែមទៀតក្នុងអាជីវកម្មរបស់ខ្លួន។

អ្នកឧកញ៉ា សុខ សំណាង បានញ្ជាក់ពីជំហររបស់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស ក្នុងការបន្តចូលរួមគាំទ្រដល់សកម្មភាពសប្បុរធម៍ ជាមួយក្រសួងព័ត៌មាន ក្នុងបុព្វេហេតុមនុស្សធម៌ និងជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលកំពុងភៀសសឹក និងវីរកងទ័ពដែលកំពុងប្រយុទ្ធការពារទឹកដី ពីការវាយប្រហារឈ្លានពានរបស់យោធាថៃមកលើអធិតេយ្យ និងបូរណភាពដែនដីកម្ពុជា ។

ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ជឿជាក់ និងលើកទឹកចិត្តដល់ វីរកងទ័ពដ៏អង់អាចក្លាហាន របស់យើងដែលកំពុងប្រយុទ្ធតស៊ូ យ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់។

រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជារួបរួមគ្នាជាធ្លុងមួយ ក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់យើង ដោយអង់អាចក្លាហាន និងដោយមិនងាករេជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ៕

អត្ថបទដោយ៖ cambodia-nation-media