កម្ពុជា វាយតម្លៃខ្ពស់ ចំពោះភាពជាដៃគូយូរអង្វែង រវាងកម្ពុជា និងGICHD ក្នុងសកម្មភាពមីនមនុស្សធម៌

 សង្គម
 ០៤ ធ្នូ ២០២៥
 18
ការវាយតំលៃនេះ បានធ្វើឡើង ក្នុងជំនួប រវាង ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន ជាមួយ ឯកឧត្តមអគ្គរដ្ឋទូត Tobias Privitelli នាយកមជ្ឈ មណ្ឌលអន្តរជាតិហ្សឺណែវ សម្រាប់ការបោសសម្អាតមីន មនុស្សធម៌ (GICHD)។ ក្នុងជំនួបនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ GICHD ដែលជាដៃគូយូរអង្វែងរបស់កម្ពុជាក្នុងសកម្ម ភាពមីន និងបានគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា។ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានរៀបរាប់ អំពីស្ថានភាពនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ និងការលំបាករបស់ពលរដ្ឋកម្ពុជា ដែលបានក្លាយជាជនភៀសសឹកដោយសារការវាយ ប្រហាររបស់ថៃ និងការខូចខាតលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងផលប៉ះពាល់រយៈពេលយូរ ដែលកំពុងក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងរដល់រាជរដ្ឋា ភិបាលកម្ពុជា ត្រូវដោះស្រាយ។ បើតាម ឯកឧត្តម ឯកអគ្គរដ្ឋទូត Tobias Privitelli មជ្ឈមណ្ឌល GICHD ប្តេជ្ញាបន្តភាពជាដៃគូ និងគាំទ្រដល់វិស័យសកម្មភាពមីន នៅកម្ពុជា។ឯកឧត្តម អគ្គរដ្ឋទូត Tobias Privitelli បានចូលរួមសោកស្តាយចំពោះការបាត់បង់អាយុជីវិត របស់ប្រជាជនស៊ីវិល និងការខូចខាតទ្រព្យសម្បត្តិ ហើយឯកឧត្តម អគ្គរដ្ឋទូត បានជំរុញឱ្យប្រទេសទាំងពីរបន្តដោះ ស្រាយដោយសន្តិវិធី និងគោរពតាមយន្តការដែលមានស្រាប់ ដើម្បីសន្តិភាពរវាងប្រទេសជិតខាងគ្នា៕

អត្ថបទដោយ៖ cambodia-nation-media