ចិន និងជប៉ុន ចង្អុលមុខគ្នា ជុំវិញករណីឆ្មាំសមុទ្រចិន និងកប៉ាល់នេសាទជប៉ុន ប្រឈមុខដាក់គ្នា​នៅតំបន់ប្រជុំកោះ Senkaku

 សង្គម
 ០២ ធ្នូ ២០២៥
 81
ទីក្រុងប៉េកាំង និងទីក្រុងតូក្យូ នៅថ្ងៃអង្គារនេះ បានជះទឹកដាក់គ្នា ពាក់ព័ន្ធនឹងករណី ប្រឈមមុខគ្នា រវាងឆ្មាំសមុទ្រចិន និងកប៉ាល់នេសាទជប៉ុនមួយគ្រឿងនៅជុំវិញប្រជុំកោះ Senkaku (ចិនហៅថា Diaoyu) ដែលជាតំបន់មានជម្លោះមិនទាន់ដាច់ស្រេចរវាងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។ សេចក្ដីថ្លែងការណ៍របស់ឆ្មាំសមុទ្រចិន បានឱ្យដឹងថា កប៉ាល់នេសាទជប៉ុន បានចូលដោយខុសច្បាប់ក្នុងដែនទឹក នៃប្រជុំកោះ Senkaku ដែលទីក្រុងប៉េកាំងហៅថា ប្រជុំកោះ Diaoyu មុននឹងត្រូវបណ្ដេញចេញទៅវិញ។ ចិនបានអះអាងថា កោះនោះ គឺជាដែនអធិបតេយ្យភាពរបស់ខ្លួន។ ប៉ុន្ដែ ឆ្មាំសមុទ្រ របស់ប្រទេសជប៉ុនវិញ បានអះអាងថា ខ្លួនបានស្ទាក់ចាប់ និងបណ្ដេញនាវាឆ្មាំសមុទ្រចិនពីរគ្រឿង នៅថ្ងៃអង្គារ ខណៈដែលនាវាទាំងនោះ បានចូលទៅជិតនាវានេសាទរបស់ជប៉ុន។ សូមរំឮកថា ជម្លោះការទូតរវាងចិន និងជប៉ុន កាន់តែតានតឹង ចាប់តាំងពីនាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi បាននិយាយនៅក្នុងសភាកាលពីថ្ងៃទី ៧ ខែវិច្ឆិកាថា ការវាយប្រហាររបស់ចិនលើតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ អាចបង្កឱ្យមានការឆ្លើយតបផ្នែកយោធាពីទីក្រុងតូក្យូ៕

អត្ថបទដោយ៖ cambodia-nation-media