ព្រះមហាក្សត្រ៖ រដ្ឋសភានីតិកាលទី៧ បានបំពេញមុខងារ យ៉ាងសកម្មលើតួនា ទី នីតិកម្ម និងការ​អនុវត្តច្បាប់

 សង្គម
 ២៨ វិច្ឆិកា ២០២៥
 46
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រ នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា តាមរយៈព្រះរាជសារ ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើក​ទី​៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានមានព្រះរាជបន្ទូលថា រដ្ឋសភា​នីតិកាល​ទី៧ ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បាន​ដឹកនាំ ​និងបំពេញមុខងារតួនាទីស្នូលរបស់រដ្ឋសភាយ៉ាងសកម្ម ដែលក្នុងនោះរួមមាន តួនាទី​នីតិកម្ម​ តាមដានការអនុវត្តច្បាប់ និងភាពជាតំណាងព្រមទាំងបានពង្រឹង និងលើក​កម្ពស់​ការងា​រ​ការ​ទូត​សភាប្រកបដោយភាពបុរេសកម្ម ស្វាហាប់ និងមោះមុត ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និង​បទ​បញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាហើយសម្រេចបានសមិទ្ធផលគួរ ជាទីមោទនៈ។ តាមរយៈ ព្រះរាជសារ ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា ក្នុង​ពិធី​បើកបវេសនកាលនៃរដ្ឋសភា ដែលប្រារព្ធឡើងនាសម័យប្រជុំ រដ្ឋសភា លើកទី៥ នីតិកាល​ទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ព្រះករុណាព្រះមហាក្សត្រ ពេញ​ព្រះហឫ​ទ័យ​យ៉ាង​ខ្លាំង ដោយបានកត់សម្គាល់ឃើញថា ប្រជាជាតិកម្ពុជា បានឯកភាពគ្នា សាមគ្គីគ្នាដ៏រឹងមាំ ក្នុង​កាលៈទេសៈ ដែលព្រះរាជាណាចក្រកម្ពុជា​យើង​ប្រឈម​នឹង​ការ​គំរាម​កំហែង​ចំពោះ​អធិប​តេយ្យភា​ព និងបូរណភាព ដែនដីពីសំណាក់សត្រូវឈ្លានពាន៕  

អត្ថបទដោយ៖ cambodia-nation-media