ក្រសួងការងារ ចាត់ទុករបាយការណ៍របស់ HRW គ្មានលក្ខណៈវិទ្យាសាស្ត្រ គ្មានវិជ្ជាជីវៈ និងមិនអាចទទួលយកបាន
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានអះអាងថារបាយការណ៍នេះគ្មានលក្ខណៈវិទ្យាសាស្ត្រ គ្មានវិជ្ជាជីវៈ និងមិនអាចទទួលយកបាន ក្នុងខណៈដែលជារបាយការណ៍ដែលសម្ភាសមនុស្សត្រឹមតែ ៥៦នាក់ ហើយតំណាងឱ្យបងប្អូនពលករប្រមាណជាង ៩០ម៉ឺននាក់។ សម្រាប់អ្នកនាំពាក្យរូបនេះរបាយការណ៍របស់ HRW គឺជារបាយការណ៍នយោបាយតែប៉ុណ្ណោះ។
ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈអំពាវនាវ HRW ផ្ដល់ទំនាក់ទំនងរបស់អតីតពលករទាំង ៥៦នាក់ដើម្បីឲ្យក្រសួងស្វែងរកការងារធ្វើជូន។
សូមបញ្ជាក់ផងដែរថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញយុទ្ធសាស្ត្រផ្សេងៗជាច្រើនមិនតិចជាង ១២ចំណុចនោះទេដើម្បីធានាឱ្យបងប្អូនអតីតពលករ
ដែលវិលត្រឡប់មកពីប្រទេសថៃទទួលបានការងារធ្វើ។ ជាក់ស្ដែង ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំពិព័រណ៍ការងារសន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមិនតិចជាង ៥៥៨លើកនោះទេ នៅទូទាំងប្រទេសដើម្បីឱ្យបងប្អូនអតីតពលករទទួលបានការងារធ្វើ។ ជាមួយគ្នានេះ ក្រសួងនៅតែអំពាវនាវឲ្យបងប្អូនដែលជាអតីតពលករទាក់ទងមកកាន់លេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារផងដែរ៕ អត្ថបទដោយ៖ cambodia-nation-media