ឯកឧត្តម វ៉ាត់ ចំរើន៖ទស្សនៈជុំវិញការចូលរួម SEA Games លើកទី៣៣ នៅប្រទេសថៃ
1-ការចូលរួមប្រកួត SEA Games លើកនេះ គឺកម្ពុជាចូលរួមប្រកួតក្នុងនាមជាសមាជិក និងគ្រួសារសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ SEAGF ចលនាអូឡាំពិកតំបន់។ ចលនាអូឡាំពិកប្រទេសជាសមាជិកត្រូវមានកាតព្វកិច្ចចូលរួមប្រកួតពហុកីឡាតាមការកំណត់។
2- គោលការណ៍គ្រឹះអូឡាំពិកអន្តរជាតិ គឺប្រឆាំងនឹងការរើសអើងគ្រប់ទម្រង់ ក្នុងវិស័យកីឡា និងជៀសវាងពីសម្ពាធនយោបាយ សាសនា ជាតិសាសន៍ និងនិន្នាការសង្គមឡើយ។ ប្រកាន់យកស្មារតីសាមគ្គីភាព មិត្តភាព និងយោគយល់គ្នា ដើម្បីកសាងពិភពលោកមួយល្អប្រសើរ។
3- ព្រឹត្តិការណ៍កីឡា SEA games ជាបុព្វសិទ្ធិរបស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ទាំង១១ ប្រទេស គ្រប់គ្រងដឹកនាំ រីឯម្ចាស់ផ្ទះជាអ្នករៀបចំតាមសេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាសហព័ន្ធកីឡា អាស៊ីអាគ្នេយ៍ SEAGF Council ទាំង ១១ ប្រទេស ។
4- ជ័យលាភីមេដាយដែលប្រទេសទាំងអស់ប្រកួតប្រជែងដណ្តើមគ្នាជាមេដាយ SEAGF មិនមែនមេដាយរបស់ម្ចាស់ផ្ទះទេ។
5- បើមិនចូលរួមយើងនឹងត្រូវបន្ទោសថាមិនគោរពធម្មនុញ្ញអូឡាំពិក និងធម្មនុញ្ញ SEAGF ។
6- បើយើងចូលរួមដោយយកហេតុផលផ្សេងៗខុសពីគោលការណ៍ច្បាប់កីឡាជាសកលខាងលើ ក៏ត្រូវអន្តរជាតិថ្កោលទោស ឬដាក់ ពិន័យ។ តែជនរួមជាតិយើងមួយចំនួនមិនគាំទ្រ និងមិនពេញចិត្តឲ្យចូលរួមដោយអស់ទំនុកចិត្ត បារម្មណ៍សុវត្ថិភាពក៏ត្រឹមត្រូវដែរ។
ឧទាហរណ៍ថា ក្នុងស្ថានភាពបច្ចុប្បន្នដែលកម្ពុជាត្រូវការសន្តិភាព បើមានកិច្ចប្រជុំទ្វេភាគីក្នុងប្រទេសថៃ លើទឹកដីថៃ រវាងកម្ពុជា និងថៃ តើយើងទៅចូលរួមឬឥត? ប្រសិនបើមានប្រជុំ ASEAN លើដីថៃមានការអញ្ជើញត្រឹមត្រូវយើងចូលរួមឬឥត ? ថ្មីៗនេះប្រឡងបវកញ្ញានៅថៃ ប្រកួតកីឡាជនពិការរទេះនារីនៅថៃក៏យើងបានចូលរួមដោយសុវត្ថិភាពមកវិញដែរ។ ប៉ុន្មានឆ្នាំមុនការប្រកួតកីឡាអូឡាំពិករដូវរងារនៅកូរ៉េខាងត្បូង ប្រតិភូកូរ៉េខាងជើងបានចូលរួម ទោះបីបងប្អូនកូរ៉េទាំងពីរជាសត្រូវដ៏សាហាវនឹងគ្នាក៏ដោយ។
តើអាចទេដែលយើងយកកីឡាជាសារកាទូត ឬជាសមរភូមិកាទូតមួយទៀតបង្ហាញថា កម្ពុជាចង់បានសន្តិភាព គោរពជានិច្ចគោលការណ៍ច្បាប់កីឡាអន្តរជាតិ ច្បាប់កីឡាតំបន់ និងមានសេចក្តីក្លាហាន ថ្លៃថ្នូ មិនចុះញ៉មចំពោះអគតិទាំងឡាយ និងសភាវអាក្រក់ទាំងអស់ឡើយ។
នេះជាទស្សនៈផ្ទាល់ខ្លួន មិនឆ្លុះបញ្ចាំងជាទស្សនៈរួមរបស់គណៈកម្មាធិការជាតិអូឡាំពិក និងបងប្អូនជនរួមជាតិទេ។
វ៉ាត់ ចំរើន
អត្ថបទដោយ៖ cambodia-nation-media