ឯកឧត្តម វ៉ាត់ ចំរើន៖ គុនខ្មែរ ជាមរតកវប្បធម៌ដ៏មានតម្លៃរបស់ប្រទេសកម្ពុជា

 កីឡា
 0 ម៉ោងមុន
 50
ថ្លែងនាពិធីសន្និសីទសារព័ត៌មានព្រឹត្តិការណ៍ប្រកួតប្រដាល់ជើងឯកគុនខ្មែរពិភពលោក លើកទី៦ ឆ្នាំ២០២៥ (6th Kun Khmer World Championship 2025) នាខេត្តព្រះសីហនុ ឯកឧត្តម វ៉ាត ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចាត់ទុក «គុនខ្មែរ» ជាមរតកវប្បធម៌ដ៏មានតម្លៃរបស់ប្រទេសកម្ពុជា ដែលយុវជនយើងទាំងអស់គ្នា ត្រូវបន្តថែរក្សា និងបន្តលើកតម្កើង គ្រប់ជំនាន់ និងគ្រប់សម័យកាល។ បន្ថែមពីលើនោះ ឯកឧត្តមរដ្ឋលេខាធិការ សង្កត់ធ្ងន់ថា៖«ជាកូនខ្មែរជំនាន់ក្រោយ យើងទាំងអស់គ្នា ត្រូវតែខិតខំធ្វើយ៉ាងពង្រីកវិស័យប្រដាល់គុនខ្មែរ ឱ្យកាន់តែរីកចម្រើន និងមានប្រជាប្រិយភាព។ ការចូល រួមរបស់ប្រទេស ជាសមាជិកសហព័ន្ធគុនខ្មែរអន្ដរជាតិចំនួន ២៨ប្រទេស បានបង្ហាញស្មារតីមោះមុតក្នុងការផ្សព្វផ្សាយពីតម្លៃនៃសិល្បៈគុនខ្មែរ និងបានជឿជាក់លើ សុខសុវត្ថិភាពសន្តិភាព និងការអភិវឌ្ឍនៃប្រទេសកម្ពុជា»។   តាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន ក្រោមការគាំទ្រពីគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធគុនខ្មែរអន្តរជាតិ ខេត្តព្រះសីហនុនឹងធ្វើជាម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍ ប្រកួតកីឡាគុនខ្មែរជើងឯកពិភពលោកលើកទី៦ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ - ២១ ខែធ្នូ ឆ្នាំ២០២៥ នៅទីលានតេជោ ក្រុងព្រះសីហនុ។ ការចូល រួមរបស់ប្រទេស ជាសមាជិកសហព័ន្ធគុនខ្មែរអន្ដរជាតិចំនួន ២៨ប្រទេស បានបង្ហាញស្មារតីមោះមុតក្នុងការផ្សព្វផ្សាយពីតម្លៃនៃសិល្បៈគុនខ្មែរ និងបានជឿជាក់លើ សុខសុវត្ថិភាពសន្តិភាព និងការអភិវឌ្ឍនៃប្រទេសកម្ពុជា។ ខេត្តព្រះសីហនុ ជាខេត្តមួយមានសក្តានុពលខ្ពស់របស់ប្រទេសកម្ពុជា សម្បូរទៅដោយធនធានធម្មជា តិដ៏សម្បូរបែប គ្របដណ្តប់លើផ្ទៃដីសរុប ២.៦៥៩ គីឡូម៉ែត្រក្រឡា ចែកចេញជា ៣ក្រុង ៣ស្រុក មានប្រជាជនប្រមាណ ៣១ ម៉ឺននាក់។ ក្នុងឆ្នាំ២០២៤ ខេត្តទទួលបានអត្រាកំណើនសេដ្ឋកិច្ច ៥,៤% មានចំណូលប្រចាំឆ្នាំសរុប ១.៣២០ លានដុល្លារអាមេរិក និងចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់(GDP) ទទួលបាន ៤.២៥៦ ដុល្លារអាមេរិក ដែលជាអត្រាប្រាក់ចំណូលខ្ពស់ជាងគេក្នុងបណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជា។ ខេត្តព្រះសីហនុ មានសក្តានុពលសំខាន់ៗ រួមមាន វីស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ដែលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជា និងជាគោលដៅទេសចរណ៍ ដ៏មានប្រជាប្រិយភាព និងបានទាក់ទាញភ្ញៀវទេសចរមកសម្រាកលេងកម្សាន្តជាង ១លាននាក់ ក្នុងមួយឆ្នាំៗ ហើយត្រូវបានប្រសិទ្ធនាមជា «តារារះនាទិសនិរតី»។   ដូច្នេះ ការរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាគុនខ្មែរជើងឯកពិភពលោកលើកទី៦ ឆ្នាំ២០២៥ នៅលើ ទឹកដីតំបន់ឆ្នេរខេត្តព្រះសីហនុ ពិតជាបានបង្ហាញពីភាពប្រទាក់ក្រឡានៃការរៀបចំសកម្មភាពទេសចរណ៍ ដែលទាក់ទាញភ្ញៀវមកសម្រាក និងលេងកម្សាន្តនៅខេត្តព្រះសីហនុ ឱ្យកាន់តែច្រើន។ ជាមួយគ្នានេះដែរ ដើម្បីអបអរសាទរក្នុងឱកាសបុណ្យឆ្លងឆ្នាំសាកល ២០២៥ -២០២៦ រដ្ឋបាលខេត្តក៏ត្រៀមការដេគ័រភ្លើងព័ណ៍ និងការរៀបចំព្រឹត្តិការណ៍កម្សាន្តនានា ដូចជា ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯក ថ្នាក់ជាតិ លើកទី២០ ការរត់ប្រណាំង ការលេងបាល់ទះលើឆ្នេរខ្សាច់ ការប្រគុំតន្ត្រី ការអុចកំជ្រូច និងការបង្ហោះគោម ២០២៦ គោមនៅឆ្នេរអូរឈើទាល ផងដែរ៕

អត្ថបទដោយ៖ cambodia-nation-media