ក្រសួងការបរទេសកោះហៅអង្គទូតបរទេសប្រចាំកម្ពុជាស្ដាប់បទបង្ហាញ ក្រោយយោធាថៃបាញ់សម្លាប់ពលរដ្ឋខ្មែរ

 សង្គម
 ១៣ វិច្ឆិកា ២០២៥
 42
ក្រសួងការបរទេសកម្ពុជា   នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥  បានកោះហៅបណ្ដាអង្គទូតបរទេស ប្រចាំនៅកម្ពុជាស្ដាប់បទបង្ហាញអំពីការវិវត្តនៃសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងថៃ នៅទីស្តីការក្រសួងការបរទេស រាជធានីភ្នំពេញ។ បទបង្ហាញខាងលើនេះ ដឹកនាំនិងសម្របសម្រួលដោយ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ តំណាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្រសួងបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ គួរកត់សម្គាល់ថា ការកោះហៅអង្គទូតទៅស្ដាប់ការធ្វើបទបង្ហាញនេះ កើតឡើងបន្ទាប់ពីកាលពីវេលាម៉ោងប្រមាណ ៣:៥០នាទីរសៀលថ្ងៃទី១២ ខែវិច្ឆិកា យោធាថៃ បានបើកការបាញ់ប្រហារ មកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យពលរដ្ឋខ្មែរស៊ីវិលស្លូតត្រង់ម្នាក់ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង និងរងរបួសជន៣នាក់៕

អត្ថបទដោយ៖ cambodia-nation-media