មេទ័ព ស្រី ឌឹក អបអរសាទរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ និងចាត់ទុកថា ជាជំហានទៅប្រែក្លាយព្រំដែនពីជម្លោះទៅសន្តិភាព

 សង្គម
 ២៩ តុលា ២០២៥
 101
កងពលធំអន្តរាគមន៍លេខ៣របស់លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានចេញមកអបអរសាទរយ៉ាងមហោឡារិកចំពោះរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាព គូឡាឡាំពួ ដោយមានលោក អាន់វ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ជាពិសេសតួនាទីមិនអាចខ្វះបានរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅថ្ងៃទី២៦ ខែតុលា  នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ជាមួយនឹងការអបអរសាទរ កងពលធំអន្តរាគមន៍លេខ៣ ក៏បានចាត់ទុកថា កិច្ចព្រមព្រៀងនេះ ជាជំហានទៅប្រែក្លាយតំបន់ព្រំដែនពីជម្លោះទៅសន្តិភាព។ នៅក្នុងញតិគាំទ្រ”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពូ”ដែលចុះផ្សាយលើហ្វេសប៊ុកកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទនាព្រឹកថ្ងៃទី២៩ ខែតុលានេះ កងពលធំអន្តរាគមន៍លេខ៣ បានចាត់ទុកកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ថាជាជំហានវិជ្ជមានមួយដ៏សំខាន់ ដើម្បីឈានទៅរកប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ និងប្រែក្លាយតំបន់ព្រំដែនដែលមានជម្លោះទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រួមគ្នា។ កងពលធំអន្តរាគមន៍លេខ៣ ក៏ថ្លែងអំណរគុណចំពោះការចូលរួមគាំទ្ររបស់ប្រទេសចិន និងសហគមន៍អន្តរជាតិ ក្នុងដំណើរការរកសន្តិភាពដ៏មានតម្លៃនេះផងដែរ។ កងពលធំអន្តរាគមន៍លេខ៣របស់លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានសរសេរនៅក្នងញត្តិគាំទ្រថា៖«កងពលធំអន្តរាគមន៍លេខ៣ សូមសង្កត់ធ្ងន់ជាថ្មីម្តងទៀតថា សន្តិភាព គឺជាទ្រព្យដ៏ពិសិដ្ឋ មិនអាចកាត់ថ្លៃបាន ដែលជាបំណងប្រាថ្នាតែមួយគត់របស់ប្រជាពលរដ្ឋគ្រប់រូប និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវចូលរួមការពារថែរក្សាឱ្យបានគង់វង្ស»។ កងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក៏បានគូសបញ្ជាក់ថា កម្ពុជា និងថៃ ជាអ្នកជិតខាងអចិន្ត្រៃយ៍ ដែលចាំបាច់ខិតខំប្រឹងប្រែងរួមគ្នាធ្វើយ៉ាងណារក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាព សុខដុមរមនា និងការអភិវឌ្ឍរួមដោយឈរលើមូលដ្ឋាននៃការគោរពគ្នា និងការឱ្យតម្លៃគ្នាទៅវិញទៅមក ការយោគយល់គ្នា ការជឿទុកចិត្តគ្នា ដើម្បីផលប្រយោជន៍រួម ដោយផ្អែកលើស្មារតីនៃអ្នកជិតខាងល្អ តាមរយៈការប្រកាន់ខ្ជាប់នូវវប្បធម៌សន្ទនាការទូត និងការគោរពច្បាប់អន្តរជាតិ។ បើទោះជាបានអះអាងបែបនេះ កងពលធំអន្តរាគមន៍លេខ៣ ក៏បានប្រកាសជំហររបស់ខ្លួនថា ថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលធំអន្តរាគមន៍លេខ៣ ប្តេជ្ញាការពារឱ្យបានរឹងមាំជាអមតៈនូវសន្តិភាព សន្តិសុខ អធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យជាតិ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីបន្តអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំ និងសម្បូររុងរឿង។ ជាការកត់សម្គាល់ ក្រៅពីកងពលធំអន្តរាគមន៍លេខ៣របស់លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក នេះ ក៏មាននូវអង្គភាពយោធានានា ផ្សេងទៀត បានចេញញតិគាំទ្រ និងអបអរសារទេ”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពូ”នេះ។ បន្ថែមពីលើនេះ ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ ក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត រួមទាំងប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ក៏មានសេចក្តីសាទរយ៉ាងក្រៃលែងចំពោះ«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ»រវាងកម្ពុជា និងថៃនេះផងដែរ៕ Related Topics:ឧត្តមសេនីយ៍ឯក ស្រី ឌឹក

អត្ថបទដោយ៖ cambodia-nation-media