កម្ពុជា-ថៃ ប្ដេជ្ញាចិត្តក្នុងការបន្ថយភាពតានតឹង ស្តារទំនុកចិត្ត និងទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមក

 សង្គម
 ២៧ តុលា ២០២៥
 42

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងដោយមានប្រធានាធិបតីសហរដ្ឋអាមេរិក និង នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្វើជាសាក្សី បន្ទាប់ពីបានប្រជុំគ្នានៅទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ បានឯកភាពគ្នា៨ចំណុច ដើម្បីស្តារ និងរក្សាទំនុកចិត្ត ការជឿទុកចិត្តគ្នាទៅវិញទៅមក និងសន្តិភាពតាមបណ្ដោយព្រំដែន។

យោងតាមសេចក្ដីថ្លែងការណ៍រួម បានបញ្ជាក់ថា កម្ពុជា-ថៃ បានប្ដេជ្ញាចិត្តក្នុងការបន្ថយភាពតានតឹង ស្តារទំនុកចិត្ត និងទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមក។ ដើម្បីសម្រេចបាន និងពង្រឹងគោលបំណងទាំងនេះ កម្ពជា-ថៃ បានឯកភាពចំពោះជំហានដូចខាងក្រោម ដើម្បីធានាការអនុវត្តបទឈប់ បាញ់ឲ្យបានពេញលេញ និងមានប្រសិទ្ធភាព និងស្តារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាពនៅតំបន់ព្រំដែន៖

អនុវត្តការបន្ធូរបន្ថយភាពតានតឹងផ្នែកយោធាក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ AOT ដោយ រួមបញ្ចូលទាំងការដកអាវុធ និងឧបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ ចេញពីព្រំដែន និងបញ្ជូនត្រឡប់ទៅ ទីតាំងមូលដ្ឋានយោធាដូចដើមវិញ។ ក្នុងបរិបទនេះ ភាគីទាំងពីរនឹងចាត់តាំងក្រុមការងាររៀងៗខ្លួន ដើម្បីពិភាក្សាគ្នាឈានទៅរៀបចំឲ្យបានសម្រេចនូវផែនការសកម្មភាពជាក់ស្ដែង និងជាជំហានៗ ដែលនឹងត្រូវអនុវត្តក្រោមការសង្កេតរបស់ IOT (ក្រុមសង្កេតការណ៍អាស៊ានបណ្ដោះអាសន្ន) ហើយ បន្ទាប់មក AOT នៅពេលដែលយន្តការនេះត្រូវបានបង្កើតឡើង បន្ទាប់ពីការចុះហត្ថលេខាលើ លក្ខខណ្ឌយោង។

ជៀសវាងការចែកចាយ ឬផ្សព្វផ្សាយព័ត៌មានមិនពិត ការចោទប្រកាន់ ការអះអាងដោយគ្មានភស្តុតាង និងវោហាសាស្ត្រដែលបង្កគ្រោះថ្នាក់ ទាំងតាមបណ្តាញផ្លូវការរបស់រដ្ឋាភិបាល ឬវេទិកាក្រៅផ្លូវការ ដើម្បីបន្ថយភាពតានតឹង កាត់បន្ថយសតិអារម្មណ៍អវិជ្ជមានរបស់សាធារណជន និងលើកកម្ពស់ បរិយាកាសអំណោយផលដល់ការសន្ទនាដោយសន្តិវិធី។

ប្រភពដដែល បានបន្តថា កម្ពុជា-ថៃ ឯកភាពលើការអនុវត្តដោយគ្មានបង្អែរបង្អង់ និងយ៉ាងពេញលេញនូវវិធានការកសាងទំនុកចិត្ត ដើម្បី ស្តារនិងរក្សាទំនុកចិត្ត ការជឿទុកចិត្តគ្នាទៅវិញទៅមក និងសន្តិភាពតាមបណ្ដោយព្រំដែន ហើយ ដោះស្រាយទំនាស់ដោយសន្តិវិធី ក្នុងស្មារតីជាអ្នកជិតខាងល្អ មិត្តភាព និងសាមគ្គីភាព ព្រមទាំងធ្វើការឆ្ពោះទៅរកការស្ដារទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឡើងវិញ។ សម្របសម្រួល និងអនុវត្តការបោសសំអាតមីនមនុស្សធម៌នៅតំបន់ព្រំដែន ដូចបានព្រមព្រៀងគ្នា ដោយគណៈកម្មាធិការព្រំដែនទូទៅ ដោយមិនប៉ះពាល់ដល់ការវាស់វែង និងខណ្ឌសីមាព្រំដែនគោក រវាងប្រទេសទាំងពីរ សំដៅការពារជីវិតជនស៊ីវិល និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជា-ថៃ ក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែន និងខណ្ឌសីមា ព្រំដែនតាមសន្តិវិធី និងច្បាប់អន្តរជាតិ ដោយចៀសវាងការគំរាមកំហែងប្រើប្រាស់ ឬការប្រើប្រាស់ កម្លាំង ឬទង្វើញុះញង់ ហើយទទួលស្គាល់ថា គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ គណៈកម្មាធិការព្រំដែនទូទៅ និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន គឺជាយន្តការទ្វេភាគីដែលមានអាណត្តិ ការងាររៀងៗខ្លួន សម្រាប់ធ្វើការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងព្រំដែន តាមសន្តិវិធី និងដោយមាន ការសម្របសម្រួលជាមួយអភិបាលខេត្ត/ស្រុកនៅមូលដ្ឋាន សំដៅគ្រប់គ្រងស្ថានការណ៍នៅនឹងកន្លែង ក្នុងនោះរួមមាន ការដោះស្រាយបញ្ហានៃការចោទប្រកាន់ពីការទន្ទ្រានដីពីសំណាក់ភាគីណាមួយដោយអនុលោមទៅតាមលទ្ធផលនៃកិច្ចពិភាក្សារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន និងការបញ្ឈប់ នូវរាល់សកម្មភាព ដែលពង្រីកវិសាលភាពជម្លោះ និងបង្កើនភាពតានតឹង៕ ផ្សាយ៖ កន​ ចំណាន

អត្ថបទដោយ៖ cambodia-nation-media