ប្រមុខយោធាថៃ ប្រកាសគំរាមថា បើ(JBC)មិនទទួលបានជោគជ័យ ដូចអ្វីដែលថៃចង់បាននោះទេ នាយករដ្ឋមន្ត្រីថៃ នឹងមិនចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពខាងមុខឡើយ
បើតាមខាវសុត ការព្រមាន របស់លោក Nattapol Nakphanit រដ្ឋមន្ត្រីក្រសួងការពារជាតិថៃបែបនេះ កំឡុងពេលកិច្ចប្រជុំ JBC កំពុងដំណើរ នៅព្រឹកនេះ នៅខេត្តត្រាត ដែលថៃធ្វើជាម្ចាស់ផ្ទះ។
លោក Nattapol Nakphanit បានព្រមានទៀតថា ថៃនឹងមិនបើកកិច្ចប្រជុំដែលខ្ជះខ្ជាយ ខាតពេលវេលាទៀតនោះទេ អ្វីដែលកើតឡើង ឲ្យវាកើតឡើងទៅចុះ។
គួរកត់សម្គាល់ថាកិច្ចប្រជុំចង្អៀតកម្រិតរដ្ឋមន្ត្រីគណៈកម្មាធិការ កិច្ចការព្រំដែន ដែលជាកិច្ចប្រជុំពិភាក្សាមុនកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះ បានចាប់ផ្តើមដំណើរនៅទឹកដីថៃ នាថ្ងៃនេះ។ កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះ គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ដោយមានសមាសភាពអន្តរក្រសួង និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចូលរួម។
ចំណែកសមាសភាពថៃ ដឹកនាំដោយឯកឧត្តម Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា និងដោយមានការចូលរួមពីតំណាងប្រតិភូអមដទៃទៀត។ អត្ថបទដោយ៖ cambodia-nation-media