អ្នកនាំពាក្យ ស្នើឱ្យម្ចាស់ហ្វេសប៊ុកផេក”ព័ត៌មានពិត”លុបចោលនិងកុំយកសកម្មភាពកម្មករប្រឌិតញុះញង់ជាចេតនានយោបាយ

 សង្គម
 0 ម៉ោងមុន
 74
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ បានស្នើទៅដល់ម្ចាស់បណ្តាញសង្គមហ្វេសប៊ុកផេក ដែលមានឈ្មោះថា ព័ត៌មានពិត កុំយកសកម្មភាពកម្មករទៅប្រឌិតញុះញង់បំភ្លៃការពិតក្នុងចេតនានយោបាយទុច្ចរិតបង្កភាពវឹកវរបំផ្លាញសន្តិសុខជាតិ និងសូមលុបចោលរូបភាពវីដេអូកាត់តខុសការពិតទាំងនោះចេញជាបន្ទាន់។ លោកថ្លែងថា៖«ខ្ញុំស្នើដល់ម្ចាស់ហ្វេសប៊ុក ព័ត៌មានពិត សូមចូលរួមគិតប្រយោជន៍ជាតិជាធំ កុំយកសកម្មភាពកម្មករទៅកាត់តជាវីដេអូប្រឌិតញុះញង់ជាចេតនានយោបាយ សូមបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពដែលមានចេតនាទុច្ចរិតចង់បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ»។ បើតាមលោក ស៊ុន មេសា ម្ចាស់ហ្វេសប៊ុកផេក ព័ត៌មានពិត កំពុងយករូបភាពសកម្មភាពកម្មករទៅកាត់តច្នៃប្រឌិតក្នុងចេតនាញុះញង់ប្រជាពលរដ្ឋតាមរយៈបណ្តាញសង្គមឱ្យងើបឡើងបះបោរ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងកៀរគរប្រជាពលរដ្ឋឱ្យធ្វើសកម្មភាពផ្សេងៗផ្ទុយនឹងច្បាប់។ លោកបន្តថា នេះជារឿងអគុណធម៌បំផុត ដែលម្ចាស់ហ្វេសប៊ុកផេកមួយនេះខំប្រឹងមួលបង្កាច់ លាបពណ៌ ទម្លាក់កំហុសគ្រប់បែបយ៉ាងមកលើរាជរដ្ឋាភិបាល៕

អត្ថបទដោយ៖ cambodia-nation-media