គ្រោះថ្នាក់ចរាចរណ៍ ក្រៅពីការខាតបង់ទ្រព្យសម្បត្តិ អាយុជីវិតមនុស្សប៉ុន្តែថែមទាំងបានបន្សល់ទុកនូវវិបត្តិសង្គមយ៉ាងធ្ងន់ធ្ងរ
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លើកឡើងបែបនេះ នៅក្នុង កិច្ចប្រជុំ ជាមួយមន្ទីរ-អង្គភាព

ជំនាញ ដើម្បីត្រួតពិនិត្យទីតាំងដែលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាញឹកញាប់នៅក្នុងក្រុងសៀមរាប ដើមី្បរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យមកនូវកម្រិតទាបបំផុត ។

តាមការបញ្ជាក់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ទីតាំងសំខាន់ៗ ដែលកើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់នៅក្នុងក្រុងសៀមរាប រួមមាន៖ ផ្លូវជាតិលេខ៦ ចាប់ពីរង្វង់មូលផ្ការំដួល ដល់ស្ពានទឹកវិល, ចំណុចស្តុបចុងកៅស៊ូ ,ស្តុបឈ្នះឈ្នះ ,ស្តុបទន្លេសាប , ផ្លូវបំបែកស្នាក់ការគយ , ផ្លូវពេទ្យមេឌីឃៀ និង កែងសណ្ឋាគារបាយ័នអេរ៉ា, ផ្លូវស៊ីវុត្ថា ត្រង់កែងសាលាញូវយ៉ក,ផ្លូវសម្ដេចព្រះសីហនុ ផ្លូវក្រវាត់ក្រុង , កែង J7 ដល់កែងពេទ្យកុមារអង្គរ, ស្តុបកោះកេរ្តិ៍ ដល់ស្តុបតូតាល់, ផ្លូវបំបែកថ្មរមាស់ និង ស្តុបសីហមុនី ។

ក្រោយស្តាប់របាយការណ៍ ឯកឧត្តម ប្រាក់ សោភ័ណ ក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធ បន្តចុះពិនិត្យសិក្សា និងរៀបចំនៅចំណុចផ្លូវសំខាន់ៗ ដែលមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់នៅក្នុងក្រុង និងតាមបណ្ដាលស្រុក ដើម្បីរៀបចំដាក់ភ្លើងសញ្ញាចរាចរណ៍ គំនូសពញ្ញាក់អារម្មណ៍ និងគំនូសចរាចរណ៍បន្ថែម សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យមកនូវកម្រិតទាប ដែលជាផ្នែកមួយដ៏សំខាន់ ដើម្បីជម្រុញការអនុវត្តច្បាប់ឲ្យទទួលបានលទ្ធផលជាវិជ្ជមាន៕
អត្ថបទដោយ៖ cambodia-nation-media