រដ្ឋមន្ត្រីការបរទេសកម្ពុជា បានលើកឡើងពីការងារអាទិភាពសំខាន់ៗមួយចំនួន ដែលភាគីកម្ពុជានិងថៃ បានឯកភាពគ្នាថ្មីៗនេះ
ជំនួបចតុភាគី កម្ពុជា ថៃ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក នៅម៉ាឡេស៊ីកាលពីថ្ងៃអាទិត្យ ទី១២ ខែតុលា។

រដ្ឋមន្ត្រីការបរទេសកម្ពុជាបានលើកឡើងពីការងារអាទិភាពសំខាន់ៗមួយចំនួន ដែលភាគីកម្ពុជានិងថៃបានឯកភាពនាពេលថ្មីៗនេះ ដើម្បីរួមគ្នាកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្តឡើងវិញ ពង្រឹងកិច្ចសហប្រតិបត្តិការ រួមមានការដកទៅវិញនូវអាវុធធុនធ្ងន់ ការដោះមីនមនុស្សធម៌ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការគ្រប់គ្រងការតាំងទីលំនៅរបស់ជនស៊ីវិលនៅតាមព្រំដែន និងការប្រឆាំងព័ត៌មានមិនពិត ជាដើម។
នេះបើតាមការបញ្ជាក់តាមហ្វេសប៊ុករបស់ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា។

បើតាម ឯកឧត្តម ប្រាក់សុខុន កម្ពុជាបានគូសបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការជាមួយប្រទេសថៃក្នុងនាមជាអ្នកជិតខាងអចិន្ត្រៃយ៍ ក្នុងការបំពេញនូវការទទួលខុសត្រូវរួមដើម្បីស្តារប្រក្រតីភាព សន្តិភាព ស្ថិរភាព និងវិបុលភាពរវាងប្រទេស និងប្រជាជនទាំងពីរ។
នៅក្នុងរឿងនេះដែរ ងាកទៅ កាសែត The Nation របស់ថៃ រាយការណ៍ថារដ្ឋមន្ត្រីការបរទេសថៃ លោក ភួង គិតកែវ បានស្នើឲ្យអនុវត្ត តាមលក្ខខណ្ឌ៤ ចំណុច គឺការដកថយអាវុធធុនធ្ងន់ ដោះមីន ល្បែងអនឡាញ និង ពលរដ្ឋនៅព្រំដែន៕
អត្ថបទដោយ៖ cambodia-nation-media