កម្ពុជា និងអគ្លេស ផ្លាស់ប្តូរយោបល់អំពីទំនាក់ទំនង និងទិសដៅនាពេលអនាគត ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការ
លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប លោកជំទាវ យៀង ម៉ានិច ដែលទទួលតួនាទីជំនួសឯកអគ្គរាជទូតអង់គ្លេសមួយថ្ងៃ ក្នុងកម្មវិធី «ក្មេងស្រីកាន់តួនាទីជំនួស» ។

នៅក្នុងជំនួប ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីទំនាក់ទំនង និងទិសដៅនាពេលអនាគត ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា និងអង់គ្លេសកាន់តែជិតស្និទ្ធបន្ថែមទៀត។

លោកជំទាវរដ្ឋលេខាធិការ បានកោតសសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថានទូតអង់គ្លេសនៅភ្នំពេញ និងអង្គការ Plan International Cambodia ដែលបានរៀបចំកម្មវិធីនេះឡើង ដើម្បីផ្តល់ឱកាសដល់យុវជន ជាពិសេសស្ត្រីបានយល់ដឹងពីតួនាទីក្នុងវិស័យការទូត និងភាពជាអ្នកដឹកនាំ។ ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋលេខាធិការក៏បានរចែករំលែកបទពិសោធន៍ល្អៗ ការតស៊ូប្រឹងប្រែងជំនះឧបសគ្គ និងលើកទឹកចិត្តឱ្យស្ត្រីបន្តខិតខំប្រឹងប្រែងចូលរួមដឹកនាំដើម្បីជួយលើកស្ទួយការអភិវឌ្ឍសង្គមជាតិ៕
អត្ថបទដោយ៖ cambodia-nation-media