ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំងចម្រុះ បង្ក្រាបឧបករណ៍នេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការ

ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ អមដំណើរដោយលោកវរសេនីយ៍ឯក អ៊ូ ឆេងកន មេបញ្ជាការរង បានដឹកនាំសហការី នៃកងកម្លាំងអន្តរាគមន៍របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមសហការជាមួយកងកម្លាំងចម្រុះ ប្រចាំការ ការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ បានធ្វើសកម្មភាពបង្ក្រាបឧបករណ៍នេសាទល្មើសច្បាប់ នៅក្នុងភូមិសាស្ត្រឃុំកំពង់គោ និងឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ទោះបីកងកម្លាំងចម្រុះ ធ្វើសកម្មភាពជារៀងរាល់ថ្ងៃ ក្នុងការបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ ។ តែជនខិលខូចមួយចំនួននៅតែបំពានប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីផលប៉ះពាល់ដល់ធនធានមច្ឆជាតិ និងសង្គមជាតិទាំងមូលឡើយ ។ ជាក់ស្ដែងនៅក្នុងរដូវបិទនេសាទរយៈពេលបួនខែកន្លងទៅនេះ កងកម្លាំងចម្រុះបង្ក្រាបរបាំងស្បៃមុង និងរបាំងសាច់អួន ដែលជាឧបករណ៍នេសាទល្មើសច្បាប់ បានប្រមាណជាង ២០០គីឡូម៉ែត្រ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ៕
អត្ថបទដោយ៖ cambodia-nation-media