គិតត្រឹមខែសីហាមានយុវជនស្នើសុំចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កើនឡើងដល់១៤ម៉ឺននាក់
យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ រួមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ បានស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) កើនឡើងដល់១៤ម៉ឺននាក់ហើយ ក្នុងនោះវិស័យចំនួន៥ មានអ្នកចុះឈ្មោះចូលរៀនច្រើនជាងគេ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមខែសីហា

ឆ្នាំ២០២៥នេះ សិស្សដែលស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) មានចំនួន១៤០ ៩៨១នាក់ ក្នុងនោះសិស្សកំពុងរៀនមានចំនួន៣១ ៤៨៥នាក់ និងសិស្សបានបញ្ចប់ការសិក្សាចំនួន៥៦ ៦៨២នាក់ ហើយសិស្សដែលទទួលបានការងារធ្វើមានចំនួន២៩ ១៩០នាក់។ ក្នុងចំណោមអ្នកស្នើសុំចុះឈ្មោះចូលរៀនទាំងនោះ គឺមាន ៦០ ១៨៥នាក់ បានប្រើប្រាស់បណ្ណសមធម៌។

លោក ស៊ុន មេសា បានឱ្យដឹងបន្តថា វិស័យចំនួន៥ មានសិស្សចុះឈ្មោះចូលរៀនច្រើន រួមមាន៖ វិស័យធុរកិច្ច និងព័ត៌មានវិទ្យា មានអ្នកចុះឈ្មោះចំនួន២៧ ៩១៥នាក់, វិស័យទេសចរណ៍ មានអ្នកចុះឈ្មោះ២១ ៦៦១នាក់, វិស័យ

សំណង់ មានអ្នកចុះឈ្មោះចំនួន២១ ២៨៦នាក់, វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មានអ្នកចុះឈ្មោះចំនួន១៧ ៣៤៧នាក់ និងវិស័យសេវាកម្ម មានអ្នកចុះឈ្មោះចំនួន១៧ ០៧៩នាក់៕
អត្ថបទដោយ៖ cambodia-nation-media