កម្ពុជាជំរុញឱ្យអន្តរជាតិផ្តល់ហិរញ្ញ ប្បទានការពារព្រៃឈើ សម្រាប់សកម្មភាពអាកាសធាតុ ជាពិសេសការអភិរក្សជីវៈចម្រុះ

 សង្គម
 2 ថ្ងៃមុន
 44

ព្រះរាជាណាចក្រកម្ពុជាបានស្នើជំរុញឱ្យសហគមន៍អន្តរជាតិ ផ្តល់ហិរញ្ញប្បទានប្រកបដោយភាពច្នៃប្រឌិត សម្រាប់ការការពារនិងអភិរក្សធនធានធម្មជាតិ ដែលមានសារៈសំខាន់មិនត្រឹមតែសម្រាប់សកម្មភាពអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានផងដែរ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន

ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបទអន្តរាគមន៍បែបនេះ ក្នុងឱកាសបើកកិច្ចសន្ទនាអន្តរជាតិស្តីពីកម្មវិធីអភិវឌ្ឍន៍ព្រៃឈើត្រូពិចជារៀងរហូត Tropical Forest Forever Facility (TFFF) Dialogue, ដែលរៀបចំដោយប្រទេសប្រេស៊ីល នៅក្នុងក្របខ័ណ្ឌព្រឹត្តិការណ៍សប្តាហ៍ពិសេសស្តីពីអាកាសធាតុ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមរិក។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត  បានថ្លែងបញ្ជាក់ពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ព្រៃឈើ គឺជាវិស័យសំខាន់ ដែលត្រូវការការពារនិងអភិរក្ស សម្រាប់ប្រទេសកម្ពុជា ហើយវាបានដាក់បញ្ជូលក្នុងផែនការជាតិ រួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (NDC 3.0) និងបានដាក់ជូនលេខាធិការដ្ឋាន អនុសញ្ញាក្របខ័ណ្ឌសហប្រជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) រួចហើយ ដែលក្នុងនោះកម្ពុជាបានប្តេជ្ញាចិត្ត រួមចំណែកកាត់បន្ថយការបំភាយឧស្ម័នរហូតដល់៥៥% នៅឆ្នាំ២០៣០ និងឆ្ពោះទៅជាប្រទេសអព្យាក្រឹតភាពកាបូន នៅឆ្នាំ២០៥០៕

អត្ថបទដោយ៖ cambodia-nation-media