សហគមន៍ខ្មែររស់នៅប្រទេសជប៉ុនប្រមាណ ១០០០នាក់ កាន់បិណ្ឌឧទ្ទិសកុសលជូនដល់វីរកងទ័ពខ្មែរ

 សង្គម
 ១៤ កញ្ញា ២០២៥
 58

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងបងប្អូនសហគមន៍ខ្មែររស់នៅប្រទេសជប៉ុន បានសហការរៀបចំកម្មវិធីកាន់បិណ្ឌវេនទី៧ ចំនួន ៤ទីតាំងនៅប្រទេសជប៉ុន រួមមាននៅខេត្តស៊ីហ្គា

ខេត្តហ្វូគូអូកា ខេត្តហ៊ីរ៉ូស៊ីម៉ា និងខេត្តកាណាហ្គាវ៉ា ដោយមានការចូលរួមពីបងប្អូនសហគមន៍ និស្សិត និងពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុនចំនួនប្រមាណជិត ១ ០០០នាក់។

កម្មវិធីនេះមានរៀបចំពិធីសូត្រមន្ត ប្រគេនចង្ហាន់ព្រះសង្ឃទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជនដែលបានលាចាក លោកនេះ ទៅកាន់លោកខាងមុខ និងកម្មវិធីអាហារសាមគ្គីប្រកបដោយបរិយាកាសកក់ក្តៅ និងសប្បាយរីករាយបំផុត។ ឆ្លៀតក្នុងឱកាសនេះ នៅទីតាំងទាំង ៤ ក៏មានរៀបចំកម្មវិធីឧទ្ទិសកុសលជូនដល់ វីរកងទ័ពខ្មែរដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ បូរណភាពទឹកដីខ្មែរ ក្នុងអំឡុងការប៉ះទង្គិចរវាងកម្ពុជានិងថៃផងដែរ។

ក្រៅពីទីតាំងទាំង ៤ខាងលើ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមការងារ ESEA ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងបងប្អូនសហគមន៍ខ្មែររស់នៅប្រទេសជប៉ុន គ្រោងរៀបចំកម្មវិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ចំនួន ៣ទីតាំងបន្ថែមទៀត៕

អត្ថបទដោយ៖ cambodia-nation-media