ទំនួលខុសត្រូវសង្គមគឺជាសរសៃឈាមមួយ នៃអាជីវកម្មមានជីរភាពនិងជាការចងភ្ជាប់រវាងផលប្រយោជន៍ឯកជន និងផលប្រយោជន៍សាធារណៈ

 សង្គម
 ១៤ កញ្ញា ២០២៥
 39

ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុង

កម្មវិធីប្រគល់ពានរង្វាន់អាស៊ានសម្រាប់អាជីវកម្ម និងធុរកិច្ចឆ្នើម ដែលបានជួយដល់កិច្ចការងារសង្គម ប្រចាំឆ្នាំ២០២៥ (Great ASEAN CSR Business Award 2025) នៅសណ្ឋាគារ Shangri-La ភ្នំពេញ។

ឯកឧត្ដមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទំនួលខុសត្រូវសង្គម (CSR) ជាវិធីនៃការធ្វើអាជីវកម្ម ដែលត្រូវបានបង្ហាញឱ្យឃើញតាមរយៈក្រុមហ៊ុនដែលទទួលខុសត្រូវចំពោះកម្មករ មានផលជាវិជ្ជមានលើសហគមន៍ បរិស្ថាន និងឱកាសសម្រាប់អ្នកជំនាន់ក្រោយ។ (CSR) គឺជាឌីអិនអេ (DNA) នៃអាជីវកម្មមានចីរភាព និងជាការចងភ្ជាប់រវាងផលប្រយោជន៍ឯកជន និងផលប្រយោជន៍សាធារណៈ។

ឯកឧត្ដមរដ្ឋមន្ត្រីជឿជាក់ថា ពានរង្វាន់នៃកម្មវិធីនេះ ជាការទទួលស្គាល់ចំពោះក្រុមហ៊ុន និងសហគ្រិន ដែលបានបង្ហាញពីភាពជាអ្នកដឹកនាំ កម្លាំងចិត្ត និងចក្ខុវិស័យក្នុងការភ្ជាប់ភាពជោគជ័យអាជីវកម្មជាមួយសុខុមាលភាពសង្គម។ លើសពីនេះ កម្មវិធីនេះ ក៏ជាការជំរុញឱ្យម្ចាស់អាជីវកម្ម និងសហគ្រិនដទៃទៀតចូលរួមក្នុងកិច្ចការងារសង្គម ព្រោះម្ចាស់ជ័យលាភីពានរង្វាន់ទាំងអស់ក្នុងកម្មវិធីនេះ ជាគំរូល្អសម្រាប់អាស៊ាន និងសកលលោកទាំងមូល៕

អត្ថបទដោយ៖ cambodia-nation-media