ថ្នាក់ដឹកនាំក្រសួងអប់រំ ពិភាក្សាការងារជាមួយប្រតិភូនៃអង្គការ Exceed Worldwide
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាន

ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃ អង្គការ Exceed Worldwide (Exceed Worldwide) ដឹកនាំដោយ លោក Carson Harte នាយកប្រតិបត្តិ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភ្នំពេញ នៃអង្គការExceed Worldwide ។

តាមរយៈជំនួបនេះ នាយកប្រតិបត្តិ អង្គការ Exceed Worldwide បានបង្ហាញពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការនានារវាងក្រសួងអប់រំ យុវជននិងកីឡា និងអង្គការ Exceed Worldwide ដែលសម្រេចបាននូវសមិទ្ធផលជាច្រើនជួយដល់កុមារមានពិការភាព និងក្រុមគ្រួសាររបស់ពួកគេ ព្រមទាំងបានគូសបញ្ជាក់នូវការប្តេជ្ញាចិត្តបន្តចូលរួមកិច្ចសហការបន្ថែមទៀតលើវិស័យអប់រំពិសេស (Special Education) គាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្ត្រលើកកម្ពស់ការអប់រំពិសេស របស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្លើយតបនឹងចក្ខុវិស័យអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងនេះ តំណាងអង្គការក៏បានស្នើសុំការសម្របសម្រួលពីក្រសួង ផ្តល់អាហារូបករណ៍ដល់កុមារមានពិការភាពដើម្បីអាចបន្តការសិក្សាកាន់តែខ្ពស់ស្របតាមចំណង់ចំណូលចិត្ត និងក្តីស្រមៃរបស់ពួកគេ៕
អត្ថបទដោយ៖ cambodia-nation-media