ក្រសួងការងារ ចុះសម្របសម្រួល និងតាមដានការទទួលយកបងប្អូនពលករខ្មែរ មកពីប្រទេសថៃ
ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំ ក្រុមការងារសម្របសម្រួលផ្គូរផ្គងទីផ្សារការងារជូនពលករ នៅក្នុងក្រុមហ៊ុន សឹង ឡុង ជាន (អេសអិលជេ) អឺភែរឹល (ខេមបូឌា) ស្ថិត

នៅសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីសម្របសម្រួល និងតាមដានការទទួលយកបងប្អូនពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ។

ឯកឧត្តម ម៉ុល វិបុល បានមានប្រសាសន៍ថា ក្រុមហ៊ុន សឹង ឡុង ជាន (អេសអិលជេ) អឺភែរឹល (ខេមបូឌា) មានតម្រូវការកម្លាំងពលកម្មបន្ថែមចំនួន ៧០០ នាក់(ស្រី៦៥០នាក់) ទៅតាមផ្នែក និងជំនាញដូចជា ផ្នែកកាត់ដេរ និងផ្នែកត្រួតពិនិត្យ QC។ លើសពីនេះ ទោះកម្មករអត់មានជំនាញក៏រោងចក្រមានតម្រូវការជ្រើសរើសផងដែរ។

ឯកឧត្តម បានពន្យល់ណែនាំ ដល់ក្រុមហ៊ុន ឱ្យទទួលយកបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ

ដែលខ្វះអត្តសញ្ញាណបណ្ណឱ្យសម្ភាសន៍ចូលធ្វើការ និងសន្យាសហការជាមួយនឹងក្រុមការងារមន្ទីរ ក៏ដូចជា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ធ្វើការរួមគ្នាឱ្យមានភាពស្អិតរមួត ដើម្បីពន្លឿនប្រសិទ្ធភាពការសម្ភាសការងារតាមអនឡាញ និងទទួលយកបងប្អូនកម្មករនិយោជិតឱ្យចូលធ្វើការ៕
អត្ថបទដោយ៖ cambodia-nation-media